សុខភាព

តោះ បើចង់ឲ្យថ្លើម មានសុខភាពល្អ គួរដឹងអាហារត្រូវញ៉ាំ និងចៀសវាងទាំងនេះ

image


សុខភាព៖ ថ្លើមមានតួនាទីបំបែកកាបូអ៊ីដ្រាត បង្កើតគ្លុយកូស និងកម្ចាត់ជាតិពុលក្នុងរាងកាយ។ ថ្លើមក៏ស្តុកសារធាតុចិញ្ចឹម និងបង្កើតទឹកប្រមាត់ដែលសំខាន់សម្រាប់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមនៅក្នុងអាហារ។ បើថ្លើមដំណើរការមិនល្អអាចប្រឈមនឹងជំងឺច្រើន បញ្ហារំលាយអាហារ និងជំងឺទឹកនោមផ្អែមប្រភេទ២ ជាដើម។ ដើម្បីឲ្យថ្លើមសុខភាពល្អ របបអាហារប្រចាំថ្ងៃសំខាន់ណាស់ចំពោះសុខភាពថ្លើមយើង។ ទាំងនេះជាអាហារគួរញ៉ាំនិងមិនគួរញ៉ាំ ដើម្បីជាជំនួយដល់ថ្លើម។



អាហារគួរញ៉ាំ
១. កាហ្វេ

កាហ្វេមានផលល្អដល់សុខភាពថ្លើម ជាពិសេសអាចជួយការពារជំងឺខ្លាញ់រុំថ្លើម។ ការសិក្សាបានបង្ហាញ ថាការផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ និងជួយការពារថ្លើមពីការខូចខាតដូចជាជំងឺមហារីកថ្លើម។ ការសិក្សាមួយទៀតបានលើកឡើងថាឥទ្ធិពលការពាររបស់កាហ្វេមកមានឥទ្ធិពលទៅលើអង់ស៊ីមថ្លើម។ ម៉្យាងទៀតកាហ្វេអាចកាត់បន្ថយការកើនឡើងនៃខ្លាញ់ក្នុងថ្លើម និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងថ្លើម ហើយសមាសធាតុក្នុងកាហ្វេក៏ជួយអង់ស៊ីមថ្លើមក្នុងការកំចាត់សារធាតុបង្កមហារីកដែរ។

២. តែបៃតង

ការសិក្សាឆ្នាំ២០១៥ បានសម្គាល់ថាតែបៃតងអាចជួយកាត់បន្ថយជាតិខ្លាញ់ ប្រឆាំងនឹងអាការៈ oxidative stress និងបន្ថយរោគសញ្ញាផ្សេងៗនៃជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រា ដែលនេះសុទ្ធតែជាប្រយោជន៍ដល់សុខភាពថ្លើមយើងទេ។ យកល្អគួរផឹកទឹកតែ ព្រោះវាល្អជាងញ៉ាំផលិតផលធ្វើពីតែបៃតង។

៣. ខ្ទឹមស

ការបន្ថែមខ្ទឹមសទៅក្នុងរបបអាហារក៏អាចជួយដល់ថ្លើម។ ការសិក្សាមួយបង្ហាញថាការញ៉ាំខ្ទឹមសអាចសម្រកទម្ងន់ និងបន្ថយជាតិខ្លាញ់នៃអ្នកមានជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រា។ នេះដោយសារតែជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រាបង្កដោយការធាត់ជ្រុល។

៥. ពពួកបឺរី

ពពួកបឺរីដូចជាផ្លែប្លូបឺរី raspberry និងcranberry មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols ដែលអាចការពារថ្លើមពីការខូចខាតបាន។

៦. ផ្លែទំពាំងបាយជូរ

ការសិក្សានៅក្នុងព្រឹត្តិបត្រ World Journal of Gastroenterology បានលើកឡើងថាផ្លែទំពាំងបាយជូរ ទឹកទំពាំងបាយជូរ និងគ្រាប់ទំពាំងបាយជូរសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថ្លើមដោយបន្ថយការរលាក និងបង្ការការខូចខាតថ្លើម។

៧. ក្រូចថ្លុង

ក្រូចថ្លុងមានសារធាតុប្រឆាំងអុកស៊ីតកម្ម naringin និងnaringenin ដែលអាចជួយការពារថ្លើមពីរបួសដោយបន្ថយការរលាក និងការពារកោសិកាថ្លើម។ សារធាតុទាំងនេះក៏អាចកាត់បន្ថយការកើននៃខ្លាញ់ក្នុងថ្លើម និងបង្កើនអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់។ ផ្លែនេះអាចប្រឆាំងនឹងជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រាបាន។

៨. ត្រីមានខ្លាញ់ច្រើន

ត្រីមានខ្លាញ់ច្រើនសំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជាខ្លាញ់ល្អអាចជួយបន្ថយការរលាក។ ខ្លាញ់ទាំងនេះមានប្រយោជន៍ដល់ថ្លើមដោយការពារមិនឲ្យមានជាតិខ្លាញ់កើន និងរក្សាកម្រិតអង់ស៊ីមក្នុងថ្លើម។ ការសិក្សាណែនាំថាគួរញ៉ាំពីរដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍។

៩. ប្រេងអូលីវ

ការញ៉ាំខ្លាញ់ច្រើនពេកគឺមិនល្អសម្រាប់ថ្លើមទេ ប៉ុន្តែខ្លាញ់ខ្លះគឺល្អសម្រាប់ថ្លើម។ ការបន្ថែមប្រេងអូលីវទៅក្នុងរបបអាហារប្រចាំថ្ងៃអាចកាត់បន្ថយអាការៈ oxidative stress និងជួយដំណើរថ្លើមឲ្យប្រសើរជាងមុន។ នេះមកពីអាស៊ីតខ្លាញ់មិនឆ្អែតក្នុងប្រេងអូលីវ។

១០. បន្លែ និងផ្លែឈើផ្សេងៗ

បន្លែ និងផ្លែឈើមួយចំនួនមានប្រយោជន៍ដល់ថ្លើមមានដូចជា ផ្លែបឺរ ផ្លែចេក មើមឆៃថាវក្រហម ផ្កាខាត់ណាខៀវ អង្ករសម្រូប ការ៉ុត ក្រូចឆ្មារ ផ្លែល្ហុង និងផ្លែឪឡឹក។



អាហារគួរចៀសវាង
ចង់ការពារផ្លើមឲ្យមានសុខភាពល្អ គួរចៀសវាងអាហារទាំងនេះដែលធ្វើឲ្យថ្លើមមានការពិបាកក្នុងការដំណើរការ៖

១. អាហារមានជាតិខ្លាញ់៖ នេះមានប្រភេទអាហារបំពង Fast foods នំដំឡូងកញ្ចប់ និងគ្រាប់ធញ្ញជាតិដែលមានខ្លាញ់ច្រើន។

២. អាហារមានជាតិម្សៅ៖ អាហារទាំងនេះរួមមាននំប៉័ង ផាស្តា និងនំខេក។

៣. ស្ករ៖ អាហារមានជាតិស្ករដូចជា cereal ផលិតផលដុត និងស្ករគ្រាប់ រួមទាំងការប្រើប្រាស់ស្ករ។

៤. អំបិល៖ ដើម្បីកាត់បន្ថយការញ៉ាំអំបិលកុំញ៉ាំអាហារក្រៅច្រើន និងចៀសវាងអាហារ ឬបន្លែកំប៉ុង។

៥. គ្រឿងស្រវឹង៖ ការបន្ថយការផឹកគ្រឿងស្រវឹងអាចជួយឲ្យថ្លើមមានពេលសម្រាក៕

ប្រភព៖ www.hellokrupet.com