ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយ អំពាវនាវជាលើកចុងក្រោយ ដល់អ្នកកាន់កាប់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ឲ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

image

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការអំពាវនាវជាលើកចុងក្រោយ ដល់អ្នកកាន់កាប់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ឲ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយ និងរដ្ឋាករកម្ពុជា ដែលនៅជិតបំផុត យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទទួលបានឱកាស ក្នុងការបង់ពន្ធនិងអាករ ដោយមិនតម្រូវឱ្យ កែបង្កូត និងពុំរងពិន័យ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីឱសានវាទ នៃការចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែល CNC ទទួលបាន នៅរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។


សេចក្តីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ដោយពុំតម្រូវឲ្យកែចង្កូត ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បានយករថយន្តគ្មានពន្ធរបស់ខ្លួន មកចុះបញ្ជីជាបន្តបន្ទាប់។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ រថយន្តចង្កូតស្ដាំ ចំនួន៤.៨៥៤គ្រឿង ត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះ មានរថយន្តមួយចំនួន បានបំពេញកាតព្វកិច្ច និងអាកររួចហើយ។


ដោយឱសានវាទកាន់តែជិតមកដល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ជ្រាបថា ការអនុញ្ញាតឱ្យចុះបញ្ជីនេះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឲ្យម្ចាស់ មកបង់ពន្ធនិងអាករ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
ដោយឡែក រថយន្តដែលមិនបានចុះបញ្ជី ក្នុងកាលបរិច្ឆេទកំណត់នេះ នឹងចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) ដែលជាមុខសញ្ជានៃការបង្ក្រាប និងរឹបអូសតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន៕

អត្ថបទ ៖ សន ពិសិដ្ឋ