សុខភាព

តោះមកដឹង ថា តើការញ៉ាំអាហារហឹរ អាចប៉ះពាល់សុខភាពបេះដូងដែរទេ?

image


សុខភាព៖ ការញ៉ាំអាហារហឹរ អាចបង្កការលំបាកដល់យអ្នកញ៉ាំ ធ្វើឲ្យមានសភាពក្ដៅ ក្រហល់ក្រហាយ និងករណីខ្លះអាចមានអាការៈឈឺទ្រូង ចង្អោរ និងបែកញើសដែលសភាពនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអាការៈជំងឺបេះដូងដែរ។ ហេតុដូច្នេះហើយតើការញ៉ាំអាហារហឹរអាចមានផលប៉ះពាល់ដល់សុខភាពបេះដូងដែរទេ?

ឆ្លើយតបទៅនឹងសំណួរនេះ វេជ្ជបណ្ឌិត Jeffrey H. Johnson, MD, ឯកទេសជំងឺបេះដូង ក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក មានប្រសសាសន៍ថា វាជារឿងមិនពិតនោះទេ ដែលរបបអាហារហឺរមានផលអាក្រក់ចំពោះបេះដូង។ ការបង្ហាញអាការៈមួយចំនួនតូច ស្រដៀងគ្នាទៅនឹងជំងឺបេះដូង វាមិនមែនជា រោគសញ្ញាជំងឺបេះដូងនោះទេ ដោយគ្រាន់តែជាការប្រតិកម្មនៃរសជាតិហឺរតែប៉ុណ្ណោះ។ បើរបបអាហារ បង្កផលប៉ះដល់បេះដូងមានតែការផឹកគ្រឿងស្រវឹងច្រើន ការទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans សូដ្យូម និងជាតិស្ករបន្ថែម ញឹកញាប់។


ការសិក្សាបានបង្ហាញថា អាហារហឹរមិនត្រឹមតែមិនប៉ះពាល់ដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់សុខភាពសរសៃឈាមបេះដូង ប្រសិនបើអាហារហឹរទាំងនោះ ជាប្រភេទអាហារហឹរមានសារធាតុ capsaicin ដែលជាសារធាតុគីមីកើតឡើងពីធម្មជាតិ សម្បូរនៅក្នុងផ្លែម្ទេសក្រហម និង ម្រេច។

ការសិក្សាក្នុងឆ្នាំ២០១៧ បានពន្យល់ថា អាហារហឹរមានគុណសម្បតិ្ដ ជួយសម្រួលដល់ការគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះ បើញ៉ាំអាហារហឹរជាប្រចាំ នឹងមានសម្ពាធឈាមទាប បើធៀបទៅនឹងអ្នកដែលមិនញ៉ាំអាហារហឹរ។ មួយវិញទៀត ការញ៉ាំអហារហឹរ អាចធ្វើឲ្យយើងងាយនឹងកាត់បន្ថយរសជាតិប្រៃ ពោលមិនសូវប្រើប្រាស់អំបិលក្នុងម្ហូបនោះទេ។

បើយោងតាមការស្រាវជ្រាវនៅ មន្ទីពេទ្យ Cleveland អាមេរិក អ្នកដែលញ៉ាំម្ទេសជាប្រចាំប្រហែលជា ២៣% ទៅ ២៦% ទំនងជាមិនសូវស្លាប់ដោយសារជំងឺបេះដូង ឬមហារីក។ អ្នកដែលញ៉ាំម្ទេសក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការប្រឈមនឹងការស្លាប់បាន ២៥ % ដោយមូលហេតុជំងឺបេះដូង៕

ប្រភព៖ www.hellokrupet.com