លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា គ្រោងសាងសង់កំពង់ផែតាមបណ្ដោយដងទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវទឹក
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា គ្រោងនឹងសាងសង់កំពង់ផែតាមបណ្ដោយដងទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវទឹក។
គម្រោងនេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយនឹងគណៈប្រតិភូវិទ្យាស្ថានអភិឌ្ឍន៍តំបន់ឆ្នេរក្រៅប្រទេសជប៉ុន (OCDI) ដឹកនាំ ដោយលោកបណ្ឌិត Ichio MOTONO នាយកប្រតិបត្តិវិទ្យាស្ថាន។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញជូនលោកទេសរដ្ឋមន្ត្រី អំពីគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ និងស្វែងរកអនុសាសន៍ណែនាំ ក៏ដូចជាផ្តល់ការគាំទ្របន្ថែមដល់គម្រោងនេះ សំដៅអភិវឌ្ឍវិស័យកំពង់ផែកម្ពុជា និងជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យមានការរីកចម្រើន។
ថ្លែងក្នុងជំនួប លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះសីហនុដែលមានស្រាប់ គម្រោងសាងសង់កំពង់ផែសមុទ្រថ្មីៗបន្ថែម និងគម្រោងសាងសង់កំពង់ផែតាមបណ្ដោយដងទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងដែលបានលើកឡើងដោយវិទ្យាស្ថានអភិឌ្ឍន៍តំបន់ឆ្នេរក្រៅប្រទេសជប៉ុន(OCDI)។
សូមបញ្ជាក់ថា បើតាមលោក ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងនាពេលកន្លងមកថា កំពង់ផែស្វយ័តភ្នំពេញ មានគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំង ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។
បើតាមលោក ហ៊ី បាវី បានបញ្ជាក់ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង៕