សង្គម

លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ រយៈពេលពីរថ្ងៃ

image


ព្រះសីហនុ៖ គណៈប្រតិភូជប៉ុន ដឹកនាំដោយ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាមនិងលោកស្រី KANETAKE Emiko ជាទីប្រឹក្សា អញ្ជើញទស្សនកិច្ច ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្ត ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងព្រះសីហនុ រួមមាន៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចំរោះទឹកបាន ៥.២០០ម៉ែត្រគីប ក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានសមត្ថភាពចំរោះទឹកកខ្វក់បាន៧.២០០ម៉ែគីបក្នុងមួយថ្ងៃដែលបាននឹងកំពុងដាក់ឲ្យដំណើរការនិងពិនិត្យសកម្មភាពសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ដែលមានសមត្ថភាពចំរោះទឹក ២ ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។


អញ្ជើញចូលរួមដឹកនាំទស្សនកិច្ចដោយ លោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និង លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត និងនាយករដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងសហការី។
ក្នុងឱកាសនោះ លោកក៏បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងស្ថានីយអាង ប្រព្រឹត្តកម្មទឹកកខ្វក់ សួនច្បារឆ្នេរសាធារណៈ ក៏ដូចជាបន្ទប់អនាម័យបានល្អស្អាត បម្រើឲ្យការអភិវឌ្ឍរបស់ខេត្ត និងទាក់ទាញវិស័យទេសចរណ៍ អ្នកវិនិយោគ មកបណ្ដាក់ទុននៅក្នុងក្រុងនៃខេត្តព្រះសីហនុបន្ថែមទៀត។


ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី KANETAKE Emiko បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាត ក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេង និងបណ្តាក់ទុនកាន់តែច្រើនឡើង ដើម្បីឲ្យខេត្តមួយនេះ កាន់តែមានការអភិវឌ្ឍបន្ថែមទៀត ជាក់ស្ដែងដូចបច្ចុប្បន្ន មានផ្លូវល្អធំទូលាយ សំណង់អាគារខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយ និងបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
ហើយក្រោយពីទស្សនកិច្ច លោកនឹងពាំនាំនូវបញ្ហាប្រឈមនានារបស់ខេត្តដែលមានជូនរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជួយបន្ថែមដើម្បីរឹតចំណងមិត្តភាពសាមគ្គីប្រទេសទាំងពីរឲ្យកាន់តែល្អជិតស្និទ្ធថែមទៀតផងដែរ៕