កំណាត់ផ្លូវកៅស៊ូ ប្រវែងជាង២០០ម៉ែត្រ ស្ថិតក្នុងស្រុកឯកភ្នំ កំពុងបាក់ស្រុតចូលទៅក្នុងស្ទឹងសង្កែ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ជំរុញឲ្យមន្ទីរជំនាញជួសជុលបន្ទាន់

បាត់ដំបង៖ កំណាត់ផ្លូវកៅស៊ូមួយខ្សែប្រភេទ DBST មានប្រវែងជាង២០០ម៉ែត្រ នៅរ៉បតាមបណ្តោយដងស្ទឹងសង្កែ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាននឹងកំពុងទទួលរងនូវការបាក់ស្រុតចូលទៅក្នុងទឹកស្ទឹង ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង បានធ្វើការរង្វាយតម្លៃដាក់ផែនការនិងជំរុញដល់មន្ទីរជំនាញធ្វើការជួសជុលបន្ទាន់ ដើម្បីឲ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ ដែលមិនមានការភ័យខ្លាចនឹងបញ្ហារអិលបាក់ដីនេះ។
ការជំរុញនេះធ្វើឡើងក្នុងពេលដែលអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរស្រុកឯកភ្នំ រដ្ឋបាលឃុំ និងមន្ត្រីសំខាន់ៗក្នុងមូលដ្ឋានចុះពិនិត្យមើលស្ថានភាពបាក់ស្រុតដីច្រាំងស្ទឹងសង្កែនៅត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធ្វើការវាយតម្លៃ និងមានវិធានការបន្ទាន់ ក្នុងការជួសជុលដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។
លោក សុខ លូ បានធ្វើការណែនាំដោយផ្ទាល់ដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យសិក្សាលម្អិតពីគម្រោងជួសជុល និងធ្វើការជួសជុលជាបន្ទាន់ឡើងវិញ ដើម្បីបានប្រើប្រាស់ជាបណ្ដោះអាសន្ន ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងខណៈដែលពេលវេលាមិនអនុគ្រោះដោយសារតែចូលរដូវវស្សាមានភ្លៀងធ្លាក់ អាចបង្កទៅជាជំនន់ទឹកភ្លៀង ដែលបង្កការរំខានដល់ការងារជួសជុលសាងសង់ផ្លូវផងដែរ ។
លោក អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ផ្លូវដែលខូចនេះ មិនមែនខូចដោយសារផ្លូវធ្វើគ្មានគុណភាពនោះទេ គឺខូចដោយសារតែគ្រោះធម្មជាតិ ទឹកជំនន់កើតឡើងកន្លងមក និងបង្កឲ្យមានការបាក់ស្រុតដីច្រាំងស្ទឹង និងបង្កបានមហន្តរាយបំផ្លាញដល់ផ្លូវកៅស៊ូនៅទីនោះតែម្តង ។
លោក សុខ លូ បានណែនាំដល់មន្រ្តីជំនាញឲ្យចុះជួសជុលផ្លូវ ដែលបាត់ស្រុតនៅតាមបណ្ដោយមាត់ស្ទឹងសង្កែនេះឡើងវិញ ដោយកំណត់ឲ្យក្រុមហ៊ុនទទួលការងារសាងសង់ត្រូវបុកគ្រឹះនៅទីតាំងដែលកំពុងបាក់ស្រុតខ្លាំងដើម្បីទប់ស្កាត់ការបាក់ស្រុតដីបន្តទៀត ដើម្បីជួយសម្រួលឲ្យបានប្រើប្រាស់ជាបណ្តោះអាសន្ន ។
លោក អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឃុំ ស្រុកឯកភ្នំ ត្រូវដាក់ស្លាកសញ្ញាប្រុងប្រយ័ត្ន ពីការធ្វើដំណើរ និងបើកបរយានជំនិះគ្រប់ប្រភេទឲ្យគេបានដឹង និងប្រុងប្រយ័ត្នខ្ពស់នៅទីតាំងបាក់ស្រុតនោះ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើង ជាពិសេសត្រូវហាមរថយន្តដឹកទំនិញធុនធំដាច់ខាតមិនឲ្យបើកបរឆ្លងកាត់ដឹកកសិផលលើផ្លូវនេះទៀតទេ ជាមួយគ្នានេះ អាជ្ញាធរស្រុកឯកភ្នំ ត្រូវមានវិធានការរដ្ឋបាល និងត្រូវហាមឃាត់មិនឲ្យមានការសាងសង់សំណង់ ឬលំនៅដ្ឋានថ្មីៗខុសច្បាប់ នៅតាមមាត់ស្ទឹង ដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវឡើយ ។
យ៉ាងណាក៏ដោយ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវកំពុងរងនូវការបាក់ស្រុតនេះ សូមមានការប្រុងប្រយ័ត្នចំពោះស្ថានភាពផ្លូវកំពុងបាក់ និងសូមមានភាពអត់ធ្មត់ចំពោះមន្ត្រីជំនាញដែលនឹងត្រូវធ្វើការជួសជុលផ្លូវ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ សូមកុំដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីការប្រាស់ដងផ្លូវមានភាពយូរអង្វែង ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕
ដោយ គួយ គឹមស៊ន
