ព័ត៌មានជាតិ

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាទាំង១០លើក បានធ្វើឡើងនៅពេលណាខ្លះ?

image

ភ្នំពេញ៖ ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន ៩លើក រួចមកហើយ រួមទាំងសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងឆ្នាំ២០២២ផង មានចំនួន ១០លើក។ រាជរដ្ឋាភិបាលបានអះអាងថា ការធ្វើវិសោធនកម្មនេះ ជាការធានា នូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង ១០លើក រួមមាន វិសោធនកម្មលើកទី១: ប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី។

វិសោធនកម្មលើកទី២: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។

វិសោធនកម្មលើកទី៣: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ។

វិសោធនកម្មលើកទី៤: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ។

វិសោធនកម្មលើកទី៥: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល

វិសោធនកម្មលើកទី៦: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

វិសោធនកម្មលើកទី៧: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

វិសោធនកម្មលើកទី៨: ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។

វិសោធនកម្មលើកទី៩: ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់។

ចំពោះការធ្វើវិសោធនកម្មលើកចុងក្រោយនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ទើបក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានពិភាក្សាដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩សំឡេងរួចមក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

កាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ បានរងនូវការរិះគន់ពីមនុស្សមួយចំនួនតូច ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចាត់ទុកអ្នកដែលរិះគន់នេះថា ជាអ្នកមានចេតនាមិនល្អ និងនិយាយមិនគិតពីប្រយោជន៍ខ្មែរ។ សម្រាប់លោករដ្ឋមន្ត្រី បានអះអាងថា វិសោធនកម្មទាំងឡាយ រាប់ទាំងវិសោធនកម្មលើកទី១ ដល់លើកទី៩ គ្មានអ្វីក្រៅពីការធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិនោះទេ៕