ព័ត៌មានជាតិ

ឯកឧត្តម គីម សន្តិភាព៖ សុំរឿងកឹម សុខា ផ្អែកលើអង្គហេតុភស្តុតាង ព្រមទាំងច្បាប់កម្ពុជា ដោយមិទទួលសម្ពាធពីបរទេស ឬបុគ្គលណាមួយឡើយ

image

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សេចក្ដីថ្លែងការណ៍ថា ចៅក្រមស៊ើបសួរត្រូវសម្រេចអំពីចំណាត់ការនានា លើសំណុំរឿងកឹម សុខា តាមឆន្ទានុសិទ្ធដោយឯករាជ្យរបស់ខ្លួន និងដោយផ្អែកលើអង្គហេតុ ភស្តុតាង ព្រមទាំងច្បាប់នៃកម្ពុជា ដោយមិទទួលសម្ពាធពីបរទេស ឬបុគ្គលណាមួយឡើយ។ សំណុំព្រហ្មទណ្ឌទាក់ទងនិងជនត្រូវចោទ កឹម សុខា បច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថ កិច្ចរបស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម កឹម សុខា ក្រោយពីមានការភ្នាល់គ្នា រវាងទណ្ឌិតសម រង្ស៊ី និងសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជាទាក់ទងនិងការដោះលែង លោក កឹម សុខា។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទណ្ឌិតសម រង្ស៊ី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថា ”តើលោកហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ? ករណីលោក កឹម សុខា នឹងមានការដោះលែង នៅថ្ងៃទី២៩ ធ្នូ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា “ការណ៍ដែលទណ្ឌិត សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ វិច្ឆិកា ហើយបាននិយាយថា ការឃុំខ្លួននិង ត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ មីនា ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិត សម រង្ស៊ី គួរសាកសួរព័ត៌មានអំពីរឿងនេះ ឲ្យបានច្បាស់លាស់ជាមួយមេធាវី ជនត្រូវចោទកឹម សុខា ត្បិតអីលោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុង របបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រូតពិនិត្យ តាមផ្លូវតុលាការ និងមិនស្ថិតក្រោមរបប នៃការឃុំខ្លួនបណ្ដោះអាសន្ន ដែលទាក់ទងនិងរយៈពេលនៃការឃុំខ្លួន បណ្ដោះអាសន្ន ដែលមានយ៉ាងច្រើន ១៨ ខែនោះឡើយ”។

យោងតាមក្រមនីតិវិធីនៃព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនដែលសម្រេចឡើងដោយចៅក្រមស៊ើបសួរ សម្រាប់បទឧក្រិដ្ឋ គឺអាចមានពេល៦ខែ និងអាចពន្យាពេលម្ដងបាន៦ ខែចំនួនពីរដង។ ម៉្យាងទៀត ការអះអាងថា ការឃុំខ្លួនបណ្ដោះអាសន្ន តាមច្បាប់បារាំងមានរយៈពេល មិនលើសពី២ ថ្ងៃគឺជារឿងបោកប្រាស់ និងជាការនិយាយដោយបំភ័ន្តរបស់ទណ្ដិត សម រង្ស៊ី ដែលជាជនជាតិបារាំងមិនចេះច្បាប់បារាំងអ្វីបន្តិចសោះ។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងដាក់ឲ្យស្ថិតនៅក្រោម ការត្រូតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៨។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ធិភាពជាមួយបរទេស ជាប្រភេទបទល្មើសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕