ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែនបង្ហូតទង់ជាតិរបស់ខ្លួននៅលើកោះពស់បន្ទាប់ពីនាវាចម្បំាងរុស្ស៊ីបានដកថយ

image


អ៊ុយក្រែន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រូបភាពវីដេអូមួយបង្ហោះផ្សព្វផ្សាយដោយកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន បានបង្ហាញអំពីការបង្ហូតទង់ជាតិរបស់ប្រទេសអ៊ុយក្រែននៅលើកោះពស់ ជាដែនដីតូចមួយនៅក្នុងតំបន់សមុទ្រខ្មៅ បន្ទាប់ពីនាវាចម្បាំងរបស់រុស្ស៊ីបានសម្រេចធើ្វការដកថយចេញពីតំបន់មួយនេះកាលពីថ្ងៃចុងខែមិថុនាកន្លងទៅ ក្រោយពីបានរងការវាយប្រហារដោយកាំភ្លើងធំរបស់ទាហានអ៊ុយក្រែន។


ដោយឡែក ក្រសួងការពារជាតិរបស់រុស្ស៊ីវិញក៏បាននិយាយកាលពីព្រហស្បតិ៍នោះដែរថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយកំទេចកងទ័ពរបស់អ៊ុយក្រែនមួយចំនួននៅលើកោះមួយនោះ បន្ទាប់ពីពួកគេបានព្យាយាមចូលមកដើម្បីធើ្វការបង្ហូតទង់ជាតិរបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ដែរអំពីមូលហេតុនំាឱ្យខ្លួនសម្រេចដកកម្លាំងចេញពីកោះមួយនេះ ពីព្រោះតែអនុវត្ដទៅតាមការចង់បានរបស់ស្ថាប័នអង្គការសហប្រជាជាតិដែលចង់ឱ្យមានការបង្កើតច្រករបៀងមនុស្សធម៌មួយដើម្បីអាចឱ្យប្រទេសអ៊ុយក្រែនធើ្វការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅក្រៅប្រទេសដើម្បីកាត់បន្ថយបញ្ហាវិបត្ដិស្បៀងអាហារក្នុងពិភពលោក។


កោះពស់នេះ ធ្លាប់ត្រូវប្រទេសរុស្ស៊ីបានវាយដណ្តើមកាន់កាប់កាលពីក្នុងដំណាក់កាលដំបូងនៃសង្គ្រាមមួយនេះ គឺជាដែនកោះដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន ពីព្រោះតែវាគឺស្ថិតនៅជិតទៅនឹងកំពង់ផែ Odesa ដែលជាតំបន់ច្រកសមុទ្រដ៏មមាញឹកមួយ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect