សង្គម

ក្នុងឆមាសទី១ ឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៦៤៣ គ្រឿង ត្រូវបានផាកពិន័យ ក្នុងនោះ រថយន្តចំនួន ២២០គ្រឿង ត្រូវបានឃាត់ទុកចំនួនមួយឆ្នាំ

image


ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ គណៈកម្មាធិការ បានចុះត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង និងពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមរថយន្ត ១ ៦៤៣ គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាត ត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។

គណៈកម្មាធិការ បានលើកឡើងថា ការដឹកលើសទម្ងន់កម្រិតកំណត់ជាកត្តាចម្បងធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអំពាវនាវម្តងហើយម្តងទៀត ទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។

ជាយន្តការទប់ស្កាត់ការងារដឹកលើសទម្ងន់កម្រិតកំណត់ ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងមន្រ្តីអនុវត្ត បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់កំណត់ និងអនុវត្តយន្តការចល័តដើម្បីឆ្មក់ចាប់រថយន្តដឹកលើសនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះដែរ គ្រប់ក្រុមការងារពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុន ធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ថ្មី និងការដ្ឋានដឹកដីឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឱ្យបាននូវការដឹកលើសទម្ងន់ កម្រិតកំណត់ដែលនាំឱ្យផ្លូវឆាប់ខូច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង ជាពិសេស ដើម្បីអប់រំអំពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុក យានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។ ក្រុមការងារក៏ជំរុញឱ្យម្ចាស់ដេប៉ូទាំង ឡាយ ជួយផ្សព្វផ្សាយបន្តដល់ម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ឱ្យយល់ច្បាស់ និងគោរពតាមច្បាប់ ដែលបានចែង ចៀសវាងការយល់ច្រឡំ និងទាមទារសុំដឹកលើសទម្ងន់កម្រិតកំណត់។

ក្រៅពីយន្តការផ្សព្វផ្សាយ និងអប់រំលើការងារគ្រប់គ្រង តាមដានសកម្មភាពរបស់មន្រ្តីអនុវត្តការងារ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក៏បានបំពាក់កាមេរ៉ាបញ្ជូនរូបភាព (CCTV Camera) តាមស្ថានីយជញ្ជីងអចល័តនានា និងបានធ្វើការផ្លាស់ប្តូរមន្រ្តីនៅតាមស្ថានីយមួយចំនួន ដែលបានប្រព្រឹត្តខុសឆ្គងក្នុងការអនុវត្តការងារ។

ទាក់ទងនឹងការងារចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់បាន និងកំពុងអនុវត្តទាំងយប់ទាំងថ្ងៃដូចភ្លៀង រលឹម ដើម្បីទប់ស្កាត់បទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ ដែលជាកត្តានាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។


ក្នុងទិសដៅបន្ទាប់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងសិក្សាលទ្ធភាពសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀតនៅតាមបណ្តារាជធានី-ខេត្ត និងផ្លូវជាតិសំខាន់ៗមួយចំនួន ព្រមទាំងបន្តការអប់រំផ្សព្វផ្សាយបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទិន្នន័យពីគ្រប់ស្ថានីយជញ្ជីងមកទីស្តីការក្រសួង៕