សង្គម

មិនសុខចិត្តទេ! ម្ចាស់រថយន្តដឹកដីជាច្រើនគ្រឿងនៅខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នាតវ៉ាស្នើឱ្យមានការពិចារណាឡើងវិញដោយឱ្យរថយន្តគ្មានពន្ធនាំចូលទាំងអស់ចូលបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ហើយត្រូវតែកែចង្កូតដូចពួកគាត់

image


កំពង់ស្ពឺ៖ អ្នកបើកបររថយន្តដឹកដីរាប់រយគ្រឿង បានធ្វើការប្រមូលផ្តុំចតតម្រៀតជួរគ្នាតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រព្រំប្រទល់រវាងស្រុកអង្គស្នួល ខេត្តកណ្តាល និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ សុំឱ្យរាជរដ្ឋាភិបាលអនុវត្តឱ្យស្មើគ្នាសម្រាប់អ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ និងគ្មានពន្ធនាំចូល។ ការតវ៉ានេះ ធ្វើឡើងដោយក្រុមអ្នកមានរថយន្តចង្កូតស្ដាំ ដែលបានបង់ពន្ធ និងកែចង្កូតរួចហើយ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឱ្យចូលបង់ពន្ធ ហើយលើកលែងការកែចង្កូត ដែលអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំធ្វើការបង់ពន្ធដោយមិនចាំធ្វើការកែចង្កូតឡើយ។

ក្រុមរថយន្តខាងលើ បានលើកឡើងថា កន្លងមកពួកគាត់បានប្រើប្រាស់រថយន្តចង្កូតស្តាំ និងគ្មានពន្ធ ប្រកបរបរដឹកដីលក់ តែក្រោយរាជរដ្ឋាភិបាលប្រកាសឱ្យចូលបង់ពន្ធ និងកែចង្កូតរួចមក ពួកគាត់ក៏បាននាំគ្នាចូលបង់ពន្ធ និងកែចង្កូតបានរួចរាល់ដើម្បីបំពេញតួនាទីជាពលរដ្ឋរស់នៅក្នុងប្រទេសនីតិរដ្ឋ។ គ្រាដែលរាជរដ្ឋាភិបាលប្រកាសឱ្យចូលបង់ពន្ធ និងកែចង្កូត ពួកគាត់បានទៅខ្ចីបុលធនាគារ ដើម្បីបង់ និងកែចង្កូតសម្រាប់បញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់ ហើយបើមិនអនុវត្តតាមការណែនាំនេះទេ នាយកដ្ឋានគយ និងរដ្ឋាករ នឹងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ តែក្រោយមកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យរថយន្តចង្កូតស្តាំ និងគ្មានពន្ធ ឱ្យចូលបង់ពន្ធ ហើយលើកលែងការកែចង្កូត។ ការនេះ ក្រុមរថយន្តខាងលើបានបង្ហាញនូវការមិនពេញចិត្ត ដោយអះអាងថា ជាការអនុវត្តមិនស្មើភាពគ្នាចំពោះពួកគាត់។ ដូច្នេះ ពួកគាត់ស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងពិចារណាឡើងវិញ ចំពោះការសម្រេចខាងលើ ហើយឱ្យរថយន្តគ្មានពន្ធនាំចូលទាំងអស់ចូលបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ហើយត្រូវតែកែចង្កូតដូចគ្នា។

ក្រុមរថយន្តនេះ ក៏បានលើកឡើងផងដែរពីការមិនយល់ព្រមចំពោះការលើកលែងនេះទេ ហើយរាជរដ្ឋាភិបាលគួរតែអនុវត្តឱ្យបានម៉ឺងម៉ាត់ដូចគ្នាដើម្បីឱ្យមានភាពស្មើគ្នារវាងអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ និងគ្មានពន្ធ ហើយបើមិនដូច្នេះទេ ពួកគាត់នឹងបន្តធ្វើកូដកម្មនេះរហូតមានដំណោះស្រាយ៕

អត្ថបទ៖ ប៊ុត សារុន