ព័ត៌មានជាតិ

សម្ដេចក្រឡាហោម​ ស​ ខេង​ លើកទឹកចិត្តក្រសួងមហាផ្ទៃ បង្កើនបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាលបន្ថែម​ ដេីម្បីប្រសិទ្ធភាពការងារ

image

ភ្នំពេញ៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ បង្កើនបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព​ សំដៅធានាដល់ប្រក្រតីភាព និងប្រសិទ្ធភាពការងារ។

សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងលេីកឡេីងដូចនេះ​ ក្នុងពេលអនុញ្ញាតឱ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង​ នារសៀលថ្ងៃទី៥​ ខែកក្តដា​ ឆ្នាំ២០២២។ សម្ដេចបន្តថា ក្រសួងមហាផ្ទៃ ក៏បាននិងខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលទាំងមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលកម្ពុជា និងសាលានគរបាលតាមភូមិភាគ ព្រមទាំងមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោម ទាំងនៅសាលាភូមិន្ទរដ្ឋបាល និងនៅសាលាជាតិរដ្ឋបាលមូលដ្ឋានដែលក្រសួងមហាផ្ទៃទើបតែបង្កើតឡើង។

នៅក្នុងឱកាសនោះដែរ សម្ដេចក៏បានលេីកឡេីងអំពីដំណើរការកំណែទម្រង់ការងារនានានៅក្រោមក្រសួងមហាផ្ទៃ ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់នគរបាលជាតិ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានចែករំលែកទស្សនាទានពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ​។ ទន្ទឹមនឹងនេះក៏បានសរសើរ ក៏ដូចជាលើកទឹកចិត្តខ្ពស់ចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្នូលរៀងៗខ្លួន។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានដូចជា វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គតមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គមន្ត្រីមធ្យម និងមន្ត្រីក្រមការ សរុបចំនួន ៧៩២នាក់ (ស្រី១៣៨នាក់)៕

អត្ថបទ៖​ ម៉ៅ​ នរិទ្ធិយ៉ា