ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីឱ្យទាន់រដូវវស្សា

image

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ​ លោក​ ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក​ និងឧត្តុនិយមរាជធានីភ្នំពេញ​ ពន្លឿនស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿនទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សា។

លោក​ ឃួង ស្រេង បានជំរុញដូចនេះ​ ធ្វើឡើងនៅរសៀល​ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២​ ក្នុងពេលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពស្ដារបឹងត្របែកដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែក​ ដល់ស្ថានីយបឹងត្របែកផ្លូវ២៧១។​ ក្នុងឱកាសនោះដែរ​ លោកបានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹក​ និងឧត្តុនិយមរាជធានីភ្នំពេញ​ កាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកឱ្យអស់ ពោលគឺ​ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចឱ្យស្ថានីយបឹងត្របែក អាចមានសមត្ថភាពបូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សា។

សូមបញ្ជាក់ថា ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង​ ១០ម៉ែត្រ​ និងបណ្តោយមានប្រវែងជាង​ ៨២៧ម៉ែត្រ​ ជាគម្រោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុងធ្វើជាផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន​ ហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំ ផងដែរ។ ក្រៅពីនេះ​ ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ៕

ដោយ៖​ គន្ធ​ តារាវិឆ័យ