ព័ត៌មានជាតិ

សភាកម្ពុជា ចូលរួមពង្រឹងតួនាទី ដើម្បីសន្តិភាព សន្តិសុខ និងការបង្រួប បង្រួមឧបទ្វីបកូរ៉េ

image

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅព្រឹក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពី "ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល" ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា ក្រោមកិច្ចសហការរៀបចំ ដោយមូលនិធិបណ្ឌិតសភា Hyojeong​ លេខាធិការដ្ឋាន UPF នៅអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)​ និងដែលមានការអញ្ជើញចូលរួមពី តំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋ សភា។ 

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា នៅក្នុងកិច្ចសន្ទនារយៈពេលមួយថ្ងៃកន្លះមកនេះ បង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមផ្នែកនយោបាយក្នុងការលើកកម្ពស់សន្តិភាព ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពតានតឹងដោយសារការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយ និងភាពមិនច្បាស់ លាស់ដែលបណ្តាលមកពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលកំពុងវិវត្តយ៉ាងឆាប់ រហ័ស។

លោកស្រី បានថ្លែងអំណរគុណ ចំពោះការជ្រើសរើសប្រទេសកម្ពុជាធ្វើជាវេទិការ

សម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព។ ក្នុងនាមជាប្រទេសជាតិមួយ ដែលស្រ ឡាញ់សន្តិភាព កម្ពុជាបាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់សន្តិភាពពិភព លោក។ សន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ យើងទាំងអស់គ្នាត្រូវថែរក្សាពូនជ្រុំសន្តិភាព។ នៅកម្ពុជា សន្តិ ភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនា ការជាតិរបស់កម្ពុជា ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែ រក្សាសន្តិភាព។

លោកស្រីអនុប្រធានទី២នៃរដ្ឋសភា បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យពិចារណាលើអនុសាសន៍ដែលកើតចេញពីសន្និសីទនេះ ដោយបញ្ចូលធាតុចូលទាំងនេះទៅក្នុងការ អភិវឌ្ឍន៍គោល នយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់ផែន ការសកម្មភាព ដែលរឹងមាំ និងពិតជាក់ ស្តែង ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើមនុស្សជាតិ។

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍បន្តថា សន្និសីទអន្តរ ជាតិ ស្ដីពី "ការកសាងសន្តិភាពប្រកប ដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល" ដើម្បីការបង្រួប បង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព គឺមានភាពពាក់ព័ន្ធ និងទាន់ពេលវេលា ស្របពេលដែលយើងកំពុងស្វែងរកវិធីសាស្រ្ត និងយន្តការថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យការលើកកម្ពស់សន្តិភាពមានភាពកាន់តែប្រសើរឡើង។

លោកស្រី ក៏បានលើកឡើងដែរថា សន្តិ ភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ មិនអាចផ្តាច់ចេញពីសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកបាន ទេ។ ក្នុងទស្សនៈនេះ សហគមន៍អន្តរជាតិមានកាតព្វកិច្ច និងទំនួលខុស ត្រូវក្នុងការ ជំរុញកិច្ចសន្ទនារកសន្តិភាពនិងការបង្រួប បង្រួមនៅឧបទ្វីបកូរ៉េ។ កម្ពុជាក៏បាននឹងកំពុងធ្វើកិច្ចការរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពនៅឧបទ្វីបកូរ៉េនេះដែរ។ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកនៅឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុ សាសន៍លើសំណើគោល នយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល​ ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍នៃអនុសាសន៍ដែលយើងទើបតែបានអនុ ម័ត។ 

លោកស្រីអនុប្រធានទី២ នៃរដ្ឋសភា បានបន្ថែមថា សភាកម្ពុជាក៏បានរួម ចំណែកដល់កិច្ចសន្ទនាស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ជាពិសេសក្រោមក្របខណ្ឌនៃសមាគមសភាអាស៊ីប៉ាស៊ីហ្វិកនៃ UPF ដែលដឹកនាំដោយ លោក ឯក ណាត ដាកាល់ ដែលកំពុងមានវត្តមាននៅទីនេះ។ 

សភាកម្ពុជានឹងបន្តពង្រឹងតួនាទីស្ថាប័នសភា និងសមាជិកសភាបន្ថែមទៀត ដើម្បីសន្តិភាព និងសន្តិសុខ។ 

លោកស្រី ឃួន សុដារី ក៏បានលើកឡើងនូវបទពិសោធន៍ពីដំណើរការសន្តិភាពរបស់កម្ពុជា ដោយបង្ហាញថា ត្រូវតែមាន ការយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិភាព ដោយត្រូវតែបន្តថែរក្សា និងកសាងមូល ដ្ឋានគ្រឹះនៃសន្តិភាព។ សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ជន ការថែរក្សាបេតិកភណ្ឌវប្បធម៌ និងការការពារបរិស្ថានផងដែរ៕ 

ដោយ៖ វង សុភ័ក្ត្រ