ព័ត៌មានជាតិ

ទីលានកប់សំរាមស្តង់ដារនៅខេត្តកែបដែលចំណាយថវិកាជាង ៧លានដុល្លារ សម្រេចការសាងសង់ស្ទើរ ១០០%

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ ការសាងសង់ទីលានកប់សំរាមរបស់ខេត្តកែប បានចាប់ផ្តើមសាងសង់នៅកំឡុងខែឧសភា ឆ្នាំ២០២០ បើគិតមកទល់ពេលនេះទំហំនៃការសាងសង់ដំណើរការបានប្រមាណ ៩៥%ហើយ ដោយបច្ចប្បន្ននេះសំរាមមួយចំនួនបានយកមកផ្ទុកនៅទីលាននេះរួចហើយ ក្នុងនោះគ្រោងនឹងបញ្ចប់ នាត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។  នេះបើតាមការបញ្ជាក់ពីលោក វ៉ៅ សុខា អភិបាលរងខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ។ 

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប ទទួលបន្ទុកលើកិច្ចការងារនេះ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប មានទីលានកប់សំរាមមួយដែលមានលក្ខណៈស្តង់ដារខ្ពស់សមស្របជាមួយនឹងខេត្តកែបជាខេត្តទេសចរណ៍ផងនោះ។ 

លោកថា សមិទ្ធផលមួយនេះ ជាចំណែកឥនទានមួយរបស់ ABD ក្នុងចំណោមឥណទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជា ផ្លូវថ្នល់ កំពង់ផែនេសាទ និងកំពង់ផែទេសចរណ៍ជាដើម។  

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពការងារសាងសង់និងការគ្រប់គ្រងទីលានទុកដាក់សម្រាម នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ អង្គប្រជុំបានពិភាក្សាក្នុងការត្រៀមផ្តល់ការគ្រប់គ្រងទីលានកប់សម្រាមទាំងស្រុកអោយរដ្ឋបាលខេត្តកែបផងដែរ។ 

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេស នៃគម្រោងសាងសង់ទីលានកប់សម្រាមនៅខេត្តកែប របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ក្រុមអ្នកជំនាញនឹងធ្វើការរៀបចំផ្ទេរបច្ចេកទេសផ្សេងៗ រដ្ឋបាលខេត្ត មុនការប្រគល់។ 

លោកថា នេះជាទីលានកប់សំរាមដែលមានលក្ខណៈទំនើបមួយក្នុងប្រទេសកម្ពុជា ហើយកន្លែងកប់សំរាមនេះ នឹងគ្មានទឹកមួយដំណក់ណាដែលហូរចេញពីទីលាននេះទៅកាន់ផ្ទៃខាងក្រៅនោះទេ។ 

គួរបញ្ជាក់ថា ទីលានកប់សំរាមនេះ ត្រូវបានសាងសង់ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លើផ្ទៃដី ៨ហិកតា ចំណាយថវិការសរុបប្រមាណជាង ៧លានដុល្លារ ដោយទីលានកប់សំរាមប្រភេទស្តង់ដារមួយនេះ មានសមត្ថភាពផ្ទុកសំរាមលើសពី ២០ឆ្នាំ៕