សន្តិសុខសង្គម

ផ្ទុះអាវុធចំនួន១០គ្រាប់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅខណ្ឌបឹងកេងកង

image


ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន ១០គ្រាប់ ក្នុងផ្ទះវីឡាមួយកន្លែង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅវេលាម៉ោង ១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣២២ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ ជាអ្នកបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ចំណែកខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ។ បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ ១គ្រឿង ម៉ាកPCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់យកតែម្ដង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី។ ភ្លាមៗនោះបុរសដៃដល់ ពេលធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ពីដំបូងគាត់ឭសូរសំឡេងផ្ទុះអាវុធចំនួន ៧គ្រាប់ ដល់មួយសន្ទុះក្រោយមក ក៏ឭសូរផ្ទុះអាវុធចំនួន ៣គ្រាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការពិនិត្យ និងកោសល្យវិច័យ រួចបានប្រគល់សពជូនក្រុមគ្រួសារ៕

ដោយ៖ ឌីយ៉ាម៉ង់