ព័ត៌មានជាតិ

ក្រុមអ្នកបើកឡានចង្កូតស្តាំ យល់ព្រមរំសាយការតវ៉ា បន្ទាប់ពីមន្ត្រីសន្យានាំយកសំណើរទៅជូនថ្នាក់លើ ក្រោយបិទផ្លូវអស់មួយព្រឹក

image

ភ្នំពេញ៖ ក្រុមអ្នកបើកបរថយន្តចង្កូតស្តាំ ដែលបានបិទផ្លូវដើម្បីតវ៉ាអស់មួយព្រឹកនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានយល់ព្រមរំសាយ ក្រោយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យានាំយកសំណើររបស់ពួកគាត់ទៅជូនថ្នាក់លើ និងប្រាប់លទ្ធផលនៅពេលក្រោយ។ នេះយោងតាមការឱ្យដឹងពី លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្រុមឡានចង្កូតស្តាំប្រមាណ២០០នាក់ បានធ្វើការតវ៉ានៅចំណុចរង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិទផ្លូវរង្វង់មូលគួរស្រូវទាំង ៤ច្រក ដើម្បីស្នើសុំសម្តេចតេជោ ហ៊ុន សែន បង់ពន្ធនាំចូលរថយន្តចង្កូតស្ដាំដែលកំពុងមានចរាចរណ៍ក្នុងស្រុក ដោយមិនកែចង្កូត។ ការតវ៉ានេះបន្ទាប់ពី ការប្រមូលពន្ធ និងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនឹងត្រូវបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ 

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ដោយរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់នាំចូល។ ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនីតិវិធីជាធរមាន៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា