ព័ត៌មានជាតិ

មេបញ្ជាការរងយោធភូមិភាគ១ កងទ័ពជើងទឹកថៃ កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងលឿននៅខេត្តព្រះសីហនុ ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ

image


ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរៈភីនយ៉ូ មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ។

ក្នុងជំនួប លោកឧត្តមនាវីទោ អាថន ឆរៈភីនយ៉ូ បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាបេសកកម្មរបស់កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។ ទោះបីមានផលប៉ះ ពាល់ដោយសារជំងឺកូវីដ១៩ ក៏ប៉ុន្តែកងទ័ពជើងទឹក នៃប្រទេសទាំងពីរ បានបើកកិច្ចប្រជុំពីចំងាយជាមួយគ្នាជាបន្តបន្ទាប់តាមរយៈប្រព័ន្ធអនឡាញ។

លោកបានបញ្ជាក់ថា កាលពី៧ឆ្នាំមុន លោកបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមកដល់ពេលនេះ មានការផ្លាស់ប្តូរ អភិវឌ្ឍរីកចម្រើនលឿនសឹងតែមើលមិនស្គាល់ ហើយលោកសង្ឃឹមថា ប្រទេសទាំងពីរ ប្រជាពលរដ្ឋប្រទេសទាំងពីរ ចេញចូលឆ្លងដែនដោយសុវត្ថិភាព ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប លោក គួច ចំរើន បានស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានមកបំពេញទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។ កម្ពុជា ក៏បានទទួលនាវាកងទ័ពជើងទឹកភូមិន្ទថៃចំនួន ៩លើក ស្មើនឹង១៣គ្រឿងរួចមកហើយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

លោកអភិបាលខេត្ត បានបន្តថា ទោះបីនៅក្នុងឆ្នាំ២០២០កន្លងមក កម្ពុជា ក៏ដូចជាពិភពលោកស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន កម្ពុជា និងថៃបានសហការគ្នាបានល្អ ដោយរើសបានកញ្ចប់គ្រឿងញៀនជាច្រើននៅក្នុងលំហសមុទ្រ ហើយលទ្ធផលនេះ ឆ្លុះបញ្ចាំងពីសកម្មភាពពួកឧក្រិដ្ឋជនគ្មានឱកាសរត់ពន្ធគ្រឿងញៀនបានសម្រេច ហើយត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់។

លោកអភិបាលខេត្តបានលើកឡើងបន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកភូមិន្ទថៃនាពេលនេះ និងបានចូលរួមចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ។ យើងជាប្រទេសស្ថិតក្នុងតំបន់អាស៊ានតែមួយ មានប្រជាជនថៃ បានមកធ្វើកានៅខេត្តព្រះសីហនុ ហើយប្រជាជនកម្ពុជា ក៏ទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើនផងដែរ៕