សង្គម

ដើម្បីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ស្ថាប័នពីរបើកការប្រកួតប្រជែងរចនាស្នាដៃផ្ទាំងផ្សព្វផ្សាយអំពី ប្រាសាទព្រះវិហារ

image


ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានសហការរៀបចំកម្មវិធីប្រកាសម្ចាស់ជ័យលាភីឆ្នើម ពីលេខ១ ដល់ លេខ៣ និងស្នាដៃកិត្តិយសលេខ៤ និងលេខ៥ ដល់និស្សិតដែលបានចូលរួមប្រកួតប្រជែងស្នាដៃរចនាផ្ទាំងផ្សព្វផ្សាយដើម្បីអបអរសាទរគម្រប់ខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។

លោក ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងដើម្បីរំលឹកដល់ខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយក៏ជាការរំឭកដល់ការលះបង់គ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល និងអ្នកជំនាញក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក និងជាការផ្ញើសារជូនដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យមានការចាប់អារម្មណ៍ចូលរួមចំណែកក្នុងការលើកកម្ពស់តម្លៃនៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ ក្នុងនោះមិនមែនមានតែប្រាសាទព្រះវិហារមួយនោះទេ ប្រាសាទនៅតំបន់អង្គរ ប្រាសាទតំបន់សំបូរព្រៃគុក ហើយក្រៅពីនោះក៏មានសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីផ្សេងទៀត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ជាមួយគ្នានោះ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ចាប់តាំងពីរមណីយដ្ឋានប្រាសាទព្រះវិហារបានចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក អាជ្ញាធរព្រះវិហារតែងតែប្រារព្ធនូវខួបអបអរសាទរនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដើម្បីរំឭកជាប្រចាំដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងចង់ពញ្ញាក់ស្មារតីឱ្យប្រជាពលរដ្ឋកម្ពុជាត្រូវតែចងចាំគិតគូរនូវបេតិកភណ្ឌវប្បធម៌ជាតិ។ ប្រធានបទនៃការប្រកួតប្រជែងនេះផ្តោតសំខាន់ទៅលើតម្លៃសំខាន់ៗរបស់ប្រាសាទព្រះវិហារ ដូចជា តម្លៃលេចធ្លោជាសកល តម្លៃនៃបរិស្ថានធម្មជាតិនៅជុំវិញប្រាសាទ និងតម្លៃមនុស្សជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌នៃប្រាសាទព្រះវិហារ។

សូមបញ្ជាក់ថា ការប្រកួតប្រជែងស្នាដៃរចនាផ្ទាំងផ្សព្វផ្សាយនេះបានផ្សព្វផ្សាយដល់និស្សិតទូទាំងប្រទេសដែលមានទេពកោសល្យក្នុងការរចនាផ្ទាំងផ្សព្វផ្សាយរូបភាព។ ក្រោយពីបើកឱ្យមានការប្រកួតប្រជែងចាប់ពីថ្ងៃទី១៣ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ និស្សិតមកពី៣សាកលវិទ្យាល័យ គឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យលីមកុកវីង បានដាក់ផ្ទាំងផ្សព្វផ្សាយសរុបចំនួន ៣៨ផ្ទាំង៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា