ព័ត៌មានអន្តរជាតិ

ការប្រែប្រួលបរិយាកាសបានធ្វើឱ្យរលំបាក់ដុំផ្ទំាងទឹកកកនៅតាមជំរេលភ្នំកម្ពស់ជាង៣ពាន់ម៉េត្រ នៅអ៊ីតាលីសម្លាប់មនុស្ស ៦នាក់ស្លាប់ និង រងរបួស៨នាក់ផ្សេងទៀត

image


អ៊ីតាលី៖ អាជ្ញាធរក្នុងតំបន់របស់ប្រទេសអ៊ីតាលីនិយាយថា ក្រុមការងារជួយសង្គ្រោះ កំពុងឈរជើងនៅតំបន់ជួរភ្នំអាល់ (Alps) ប្រទេសអ៊ីតាលី បន្ទាប់ពីផ្នែកខ្លះនៃផ្ទាំងទឹកកកបានបាក់រលំធ្លាក់ពីលើភ្នំ ក្រោយពេលសីតុណ្ហភាពក្នុងតំបន់ឡើងដល់កម្រិតអតិបរមាដែលអាចបំបែកកំណត់ត្រាបាន។


យ៉ាងហោចណាស់ មនុស្ស ៦នាក់ស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា នៅលើភ្នំម៉ាម៉ូឡាដា (Marmolada) កម្ពស់ជាង ៣,៣០០ ម៉ែត្រ និងជាភ្នំខ្ពស់បំផុតក្នុងតំបន់ជួរភ្នំដូឡូមីដ (Dolomites) និងតំបន់ជួរភ្នំអាល់ (Alps) ភាគខាងកើតប្រទេសអ៊ីតាលី លាតសន្ធឹងលើតំបន់ ត្រេនតូ (Trento) និង វ៉េណេតូ (Veneto)។


រដ្ឋាភិបាលតំបន់ ត្រេនតូ មានប្រសាសន៍បញ្ជាក់ថា ជនរងគ្រោះគឺជាអ្នកឡើងភ្នំ។ ចំណែកក្រុមការងារសម្របសម្រួលការជួយសង្គ្រោះអាល់ហ្វ៊ីន (Alpine Rescue Coordinator) លោក ជីណូ ខូម៉េលី (Gino Comelli) ប្រាប់ដល់ទីភ្នាក់ងាររ៉យទ័រថា អ្នករបួសទាំង៨នាក់ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ តែស្ថានភាព មិនសូវជាល្អប៉ុន្មាននោះទេ។


គួរបញ្ជាក់ដែរថា គេប្រើប្រាស់ឧទ្ធម្ភាគចក្រ និងសត្វឆ្កែ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីហេតុការណ៍បាក់ផ្ទាំងទឹកកកសង្កត់៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect