សង្គម

រថយន្ត៣គ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង ក្នុងករណីអគ្គិភ័យឆេះយានដ្ឋាននៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ

image


ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យរថយន្ត ចំនួន ៣គ្រឿង បានរងការខូចខាតទាំងស្រុង រួមនឹងសម្ភារមួយចំនួនទៀត កាលពីវេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ញាណ ដារ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខC1។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា ខណៈពេលក្រុមជាងកំពុងតែជួសជុលរថយន្ត ស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីរថយន្តមួយគ្រឿង ក្លាយជាអគ្គិភ័យឆាបឆេះតែម្តង។ ភ្លាមៗនោះក្រុមជាងក៏បាននាំគ្នាជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងឆ្លងទៅរថយន្តជាច្រើនគ្រឿងទៀតនៅទីនោះ។

យោងតាមការឱ្យដឹងពី នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង បានចេញទៅអន្តរាគមន៍ និងបានបាញ់ពន្លត់អស់ចំនួន ២២គ្រឿង ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ ១២:៣០នាទីថ្ងៃដដែល។

ក្នុងករណីអគ្គិភ័យនេះបណ្តាលឱ្យរថយន្តចំនួន ៣គ្រឿង រួមមាន រថយន្តម៉ាកTHUNDRA, LUXUS NX200t និងម៉ាកCRV ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង រួមនឹងសម្ភារមួយចំនួនទៀត។ ចំពោះមូលហេតុ សង្ស័យបណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ និងបណ្តាលមកពីផ្សារតោនជួសជុលរថយន្តនៅទីនោះ៕

ដោយ៖ ឌីយ៉ាម៉ង់