សង្គម

អាជ្ញាធរស្រុក បុរីអូរស្វាយសែនជ័យនៃខេត្តស្ទឹងត្រែង បញ្ជាឲ្យរុះរើឲ្យអស់នូវឡធ្យូងខ្នាតយក្សចំនួន៣ បើរឹងចចេសនឹងចាត់វិធានក្ដៅ

image


ស្ទឹងត្រែង៖ អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បញ្ជាឲ្យរុះរើឲ្យអស់នូវឡធ្យូងខ្នាតយក្សចំនួន៣ ចេញពីទឹកដីនៃស្រុកបុរីអូរស្វាយជាបន្ទាន់ ឲ្យខាងតែបាន ក្នុងរយៈពេល១ខែ បើពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ថា ឡធ្យូងខ្នាតយក្សចំនួន៣ បានសាងសង់ជាប់ៗគ្នា ក្នុងទីតាំងតែមួយ ដោយប្រក់ស្បូវ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ក្នុងដែនសមត្ថកិច្ចរបស់លោក។

លោកថាបន្ទាប់ពីបានទទួលព័ត៌មាន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ លោកក៏បានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យនិងធ្វើកិច្ចសន្យាបញ្ឈប់ ហើយនិងដាក់ឱសានវាទដល់ម្ចាស់ឡដុតធ្យូងត្រូវតែរុះរើឲ្យអស់ក្នុងរយ:ពេល១ខែ បើមិនដូច្នេះទេ អាជ្ញាធរស្រុកនឹងវាយកម្ទេចដោយខ្លួនឯង រីឯម្ចាស់ត្រូវមានទោសពីបទបំផ្លាញព្រៃឈើ។

អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថាក្រោយពីទទួលបានការណែនាំពីមន្ត្រីជំនាញ ម្ចាស់ឡដុតធ្យូងទាំង៣នាក់ខាងលើ ដែលមានឈ្មោះ វ៉ន វ៉ា, វ៉ន ផាន និង ទូច វិត អ្នកទាំង៣រស់នៅខេត្តក្រចេះ ក៏ទទួលចុះហត្ថលេខា នឹងផ្តិតមេដាយ យល់ព្រមធ្វើតាមកិច្ចសន្យារបស់មន្ត្រី។

យោងតាម ម្ចាស់ឡដុតធ្យូងលោក វ៉ាន វ៉ា បានឲ្យដឹងថា ឡដុតធ្យូងខាងលើនេះ សាងសង់រយៈពេលជាង៤ខែទើបរួចរាល់ ដោយអស់ថវិកាជាង១ម៉ឺនដុល្លារ។ លោកថានៅពេលសង់រួច លោកទើបតែដុតធ្យូងបានតែម្តងគត់។

ចំណែកមន្ត្រីជំនាញបញ្ជាក់ថា ឡដុតធ្យូងនេះ ប្រើប្រាស់ និងកាប់ឈើស្រស់យកមកដុត រាប់រយម៉ែត្រគុប ក្នុងពេលឡទាំង៣នេះដំណើរការម្តងៗ ដែលជាហេតុធ្វើឲ្យធនធានព្រៃឈើវិនាសអន្តរធានធ្ងន់ទៅៗ៕

អត្ថបទ៖ ម៉ាក មេត្តា