សង្គម

បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ដោយចាប់ខ្លួនជនជនជាតិចិនតៃវ៉ាន់ ៦នាក់ និងរឹបអូសសារធាតុគីមីផ្សំ ជាង ១៤តោន នៅខេត្តព្រះសីហនុ

image


ព្រះសីហនុ៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង នៅខេត្តព្រះសីហនុ។

យោងតាមការចេញផ្សាយដោយនគរបាលជាតិ នៅថ្ងៃទី៥ ខែកក្កដានេះ បានឱ្យដឹងថា ប្រតិបត្តិការនេះ គឺអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

តាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវ និងបង្ក្រាប ទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង គឺទីតាំងទី១ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងទីតាំងទី២ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យ ០៦នាក់ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។

ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថុតាងជា សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមាន ១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២-កែវប្រតិកម្មចំនួន០៧គ្រឿង, ៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ៤-ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, ៥-កញ្រ្ចែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន១០ជីឡៅ, ៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង១០-សំបកធុង២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕