លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងញូវយ៉ក ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលក្នុងមួយថ្ងៃ គិតជាមធ្យម មនុស្ស ៥បានស្លាប់ និងរងរបួស១០នាក់

សហរដ្ឋអាមេរិក៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោល គឺ ក្នុងមួយថ្ងៃៗគិតជាមធ្យម មានមនុស្ស៥ បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជា បានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជា សម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងស្វិតស្វាញក្នុងការលើកកម្ពស់នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សូមជម្រាបជូនថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់៕

