អង្គការអុកស្វាម កំពុងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ និងជីវភាពរស់នៅរបស់សហគមន៍ក្នុងខេត្តមួយចំនួនជាប់ដងទន្លេងមេគង្គ

ភ្នំពេញ៖ អង្គការអុកស្វាម បានចែករំលែកអំពីយុទ្ធនាការរយៈពេល ៤ខែ ដែលមានឈ្មោះថា "តាមដងទន្លេមេគង្គជាមួយសាយ"។ យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។
យុទ្ធនាការតាមដងទន្លេមេគង្គជាមួយ សាយ ជាយុទ្ធនាការតាមដងទន្លេមេគង្គនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ របស់លោក អូន បាឋម ដែលត្រូវបានគេស្គាល់គាត់ថា សាយ ដែលជាអគ្គរាជទូតសុឆន្ទៈ ជាតារាចម្រៀង និងតារាសម្តែងនៅប្រទេសកម្ពុជា។ ដំណើររបស់ សាយ បានផ្តិតយកអរិយ្យភាពរបស់ទន្លេមេគង្គ ហើយក៏បង្ហាញនូវវប្បធម៌ចម្រុះ និងការអនុវត្តក្នុងស្រុក។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏បានបង្កើតឱ្យមានវេទិកាស្តាប់សំឡេងរបស់ស្ត្រី បុរស ជនជាតិដើមភាគតិច និងសមាជិកដទៃទៀតនៃសហគមន៍ក្រីក្រ ដែលរស់នៅតាមដងទន្លេមេគង្គ។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានឱ្យដឹងថា យុទ្ធនាការ តាមដងទនេ្លមេគង្គជាមួយសាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារៈសំខាន់របស់វាចំពោះជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់ ក៏ដូចជាបានផ្សារភ្ជាប់ការចូលរួម និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យរវាងយុវជន និងសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេសក្រុមងាយរងគ្រោះ ដូចជា ជនមានពិការភាព និងជនជាតិដើមភាគតិច ដែលពួកគាត់ទាំអស់នោះជាគោលដៅចម្បងរបស់គម្រោង។ អ្នកស្រីបានបន្ថែមទៀតថា ទោះជាយុទ្ធនាការបានបញ្ចប់ក៏ដោយ ក៏បេសកកម្មការពារទន្លេមេគង្គ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតែបន្តទៅមុខ។
លោក អូន បាឋម(សាយ) ដែលជាទូតសុឆន្ទៈនៃយុទ្ធនាការ បានលើកឡើងថា ទន្លេនាំទឹក និងសារធាតុចិញ្ចឹមទៅកាន់ទូទាំងពិភពលោក ហើយទន្លេជាជីវិតមនុស្ស ជាពិសេសសហគមន៍ដែលពឹងអាស្រ័យលើទន្លេនេះ។ បន្ទាប់ពីដំណើរតាមដងទន្លេមេគង្គមក លោកមានទំនាក់ទំងជិតស្និតជាមួយទន្លេជាងមុន។ ទន្លេមេគង្គ មានភាពសម្បូរបែប និងជីវិតរបស់សហគមន៍ ជាពិសេសក្រុមជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ដែលជីវិត និងវប្បធម៌របស់ពួកគាត់មានទំនាក់ទំនងជាមួយទន្លេ និងព្រៃឈើ។ ដូចនេះត្រូវចូលរួមការពារទន្លេទាំងអស់គ្នា ព្រោះទន្លេមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេ ទន្លេជាជីវិតរបស់យើង។
មិនតែប៉ុណ្ណោះ សាយ មានក្តីសង្ឃឹមថា តាមរយៈកម្មវិធីនេះ នឹងអាចជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលនៅតាមដងទន្លេ ដើម្បីជួយជំរុញដល់ភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍ក្នុងស្រុកឱ្យបានទស្សនាតាមតំបន់កម្សាន្តនានា ដើម្បីជួយជំរុញជីវភាពដល់ពលរដ្ឋក្នុងសហគមន៏។
អ្នកស្រី ណាង ណយ ដែលជាប្រធានគម្រោងរបស់អង្គការទន្លេបី ហើយក៏ជាដៃគូដែលបានចូលរួមរៀបចំយុទ្ធនាការនេះជាមួយអង្គការអុកស្វាម មានចំណាប់អារម្មណ៌ថា យុទ្ធនាការនេះអាចនឹងផ្សព្វផ្សាយពីព័ត៌មានទាំងអស់របស់ជនជាតិដើមភាគតិច ដែលគាត់រស់នៅអាស្រ័យលើទន្លេមេគង្គ ដល់សាធារណៈជនទូទាំងពិភពលោកឱ្យបានយល់ដឹងថា ពួកគាត់រស់ពឹងពាក់ទៅលើអ្វី និងបញ្ហាផ្សេងៗ ដែលស្ត្រីរស់នៅតាមដងទន្លេកំពុងជួបប្រទេះ។
អ្នកស្រីក៏បានបង្ហើបពីទឹកចិត្តថា ទោះបីហត់ក៏នៅសប្បាយចិត្តដែរ ប៉ុន្តែប្រសិនបើយុទ្ធនាការនេះអត់មានសារប្រយោជន៍ទេ គឺវាត្រូវតែហត់ហើយ តែត្រូវគិតថា វាជាសារប្រយោជរបស់ជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការរៀនសូត្រ។
អ្វីដែលជាគួរជាទីមោទននោះគឺ ខ្សែវីដេអូដែលជាលទ្ធផលនៃយុទ្ធនាការនេះ ត្រូវបានជ្រើសរើសចាក់បញ្ចាំងនៅកម្មវិធីការស្វែងយល់ពីទន្លេមេគង្គ(Mekong Discovery) របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលជាមហោស្របភាពយន្តដ៏ធំបំផុតនៅកម្ពុជា។ ការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នៅសាលមហោស្រពចតុមុខ។
ទន្លេមេគង្គ ជាបេះដូងរបស់ទ្វីបអាស៊ីអាគ្នេយ៍។ ទន្លេនេះមានប្រវែងជាង ៤០០០គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេមេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តត់ផ្គង់សេដ្ឋកិច្ច ផ្តល់ឱកាសឱ្យមានទេសចរណ៍តាមបែបធម្មជាតិ និងផ្តល់តម្រូវការថាមពលនៅក្នុងតំបន់៕

