គម្រោងវិនិយោគខ្សែរ៉កប្រវែងជាង ៦០០ម៉ែត្រ ឆ្លងសមុទ្រនៅខេត្តកែប កំពុងចាប់ផ្តើមដំណើរការសាងសង់ ជាមួយតម្លៃទុន ២លានដុល្លារ

អត្ថបទ៖ ង៉ុង សាន់
កែប៖ គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលកម្សាន្តខ្សែរ៉កឆ្លងសមុទ្រ មានប្រវែងជាង ៦០០ម៉ែត្រ ចាប់ពីឧទានជាតិខេត្តកែប មកភ្ជាប់ជាមួយទីតាំងអតីតព្រះរាជដំណាក់ ដែលចំណាយទុនប្រមាណ ២លានដុល្លារ ត្រូវគេរំពឹងថា នឹងជួយលើកកម្ពស់គោលដៅទេសចរណ៍ខេត្តកែបឲ្យកាន់តែទាក់ទាញភ្ញៀវថែមមួយកម្រិតទៀត។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្ត នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប បានមានប្រសាសន៍ថា គម្រោងនេះត្រូវបានផ្តល់សិទ្ធទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ រយៈពេល ១៥ឆ្នាំ និងគ្រោងចំណាយទុនប្រមាណ ២លានដុល្លារ។
ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារយកព័ត៌មានរបស់ CNC ប្រចាំនៅខេត្តកែប លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា នេះជាយុទ្ធសាស្រ្តក្នុងការទាក់ទាញ ភ្ញៀវទេសចរឲ្យមកសម្រាកនៅខេត្តកែបយ៉ាងតិចមួយយប់ ដោយសារតែកន្លងទៅយើងសង្កេតឃើញថា ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកែបភាគច្រើន មកពិសារអាហាររួចត្រឡប់ទៅវិញ។ ដូចនេះការសាងសង់ខ្សែរ៉ក់សម្រាប់ឲ្យជិះលេងកម្សាន្តនេះ ជាគម្រោងមួយស្ថិតនៅក្នុងការបង្កើតទីតាំងទេសចរណ៍ថ្មីៗ ជាច្រើនរបស់ខេត្តកែប។
លោកបន្ថែមថា ក្រៅតែពីការវិនិយោគលើខ្សែរ៉កនេះ ខេត្តកែបក៏មានដំបន់ទេសចរណ៍ជាច្រើនទៀត ដូចជា ទេសចរណ៍តាមតំបន់ភ្នំ ទេសចរណ៍តាមតំបន់សមុទ្រ ទេសចរណ៍តាមតំបន់ឆ្នេរកោះ ក្រៅពីនោះក៏នឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ក្នុងបាតសមុទ្រផងដែរ៕
