សង្គម

សៀវភៅ «សម្តេចហ៊ុនសែន៣យន្តការឈ្នះកូវីដ១៩» បង្ហាញ ៤ដំណាក់កាលដែលរាជរដ្ឋាភិបាលប្រើទប់ស្កាត់កូវីដ-១៩ ក្នុងនោះក៏មាន«វិស័យសារព័ត៌មាន»

image


ភ្នំពេញ៖ សៀវភៅ «សម្តេចហ៊ុនសែន៣យន្តការឈ្នះកូវីដ១៩» បង្ហាញ ៤ដំណាក់កាលដែលរាជរដ្ឋាភិបាលប្រើប្រាស់ដើម្បីទប់ស្កាត់កូវីដ-១៩ ក្នុងនោះក៏មាន«វិស័យសារព័ត៌មាន» ខណៈស្មេរអំពាវនាវឲ្យមានការតែងនិពន្ធលើកតម្កើងប្រទេសជាតិដែលជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។


លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអ្នកមានស្នាដៃច្រើនក្នុងការតែងនិពន្ធ និងវិស័យសារព័ត៌មានផងនោះ បានឲ្យដឹងថា សៀវភៅដែលមានចំណងជើងថា «សម្តេចហ៊ុនសែន ៣យន្តការឈ្នះកូវីដ១៩» ដែលមានកម្រាស់ ៣៦០ទំព័រ គឺជាស្នាដៃថ្មីមួយទៀតរបស់លោក ដែលបានចងក្រងឡើងដើម្បីទុកជាជំនួយស្មារតីដល់អ្នកជំនាន់ក្រោយ លើការស្វែងយល់ពីបញ្ហាជំងឺកូវីដ-១៩ និងវិធានការពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងសៀវភៅបានបង្ហាញពី៤ដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ហើយត្រូវបានលោកចែកចេញជា ៣ យន្តការធំៗ រួមមាន ១- ការចូលរួមពីពលរដ្ឋ២- វិស័យសុខាភិបាល និង ៣- យន្តការច្បាប់ ក្នុង នោះក៏មានបង្ហាញពីវិស័យសារព័ត៌មានដែលបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កូវីដ-១៩ ដែលតាមរយៈអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលមានជំនាញវិជ្ជាជីវៈបានចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងបង្ហាញជូននូវព័ត៌មានពិតទៅដល់សាធារណជនលើបញ្ហាកូវីដ-១៩។ទាក់ទងនឹងការតែងនិពន្ធសៀវភៅនេះដែរលោក ពៅ សុខ ក៏បានអំពាវនាវដល់យុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍លើការតែងនិពន្ធ ឲ្យចូលរួមតែងនិពន្ធ និងចងក្រងរឿងរាវ ឬក៏ព្រឹត្តិការណ៍នានាក្នុងប្រទេសឲ្យបានច្រើន ដើម្បីទុកជាចំណេះដឹងដល់ក្មេងជំនាន់ក្រោយលើប្រវត្តិសាស្ត្ររឿងអ្វីមួយដែលបានកើតឡើង ដែលជាការប្រសើរជាងការយកពេលវេលាទៅចំណាយលើការត្អូញត្អែរក្នុងបណ្តាញសង្គមនានាដែលវាមិនមានប្រយោជន៍ ឬក៏ទៅសរសើរតែអ្វីដែលជាស្នាដៃរបស់ប្រទេសហួសពេក និងភ្លេចគិតពីអ្វីដែលភាពល្អក្នុងប្រទេស ៕


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ