រដ្ឋបាលព្រៃឈើភ្នំពេញ បន្តដាំដើមឈើចម្រុះជាង១០០ដើម ក្នុងបរិវេណសាលាស្ទឹងមានជ័យ ដើម្បីរួមចំណែកទីក្រុងមានពណ៌បៃតង

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើភ្នំពេញ បានបន្តនាំយកដើមឈើចម្រុះជាង ១០០ដើម ទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចូលរួមឱ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតង ពិសេសឱ្យបរិវេណក្នុងសាលាបឋមសិក្សាទាំងមូលមានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់សិស្សានុសិស្សស្រូបយកខ្យល់អាកាសបរិសុទ្ធពីដើមឈើ។
លោក អ៊ូច សំណាង នាយសង្កាត់រដ្ឋបាលព្រៃឈើដង្កោ បានឱ្យដឹងថា ការចែកជូនដើមឈើ និងកូនឈើសម្រាប់ដាំនៅក្នុងទីធ្លាសាលានៅពេលនេះ មានការចូលរួមពីលោកគ្រូអ្នកគ្រូប្រមាណជិត ១០០នាក់។ គោលបំណងនៃការដាំដើមឈើនៅពេលនេះដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងដើម្បីបង្កើនគម្របបៃតងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបរិស្ថាននៅក្នុងសាលារៀនដើម្បីឱ្យសិស្សានុសិស្សបានស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ដើមឈើទាំងអស់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាអ្នកផ្តល់ជូន និងតែងតែណែនាំឱ្យរដ្ឋបាលព្រៃឈើ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់ និងថែទាំដើមឈើឱ្យដូចយើងស្រលាញ់ និងថែទាំកូនចៅរដែរ ព្រោះដើមឈើមានសារៈសំខាន់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។
ចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានដាំដើមឈើ និងកូនឈើជាបន្តបន្ទាប់នៅតាមទីតាំងវត្តអារាម និងសាលារៀន និងវត្តអារាមរួមមាននៅវត្តនន្ទមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យប្រមាណ២០០ដើម វត្តគល់ទទឹង ស្ថិតក្នុងខណ្ឌច្បារអំពៅប្រមាណ ១០៥ដើម និងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ១១៥ដើម។ ក្រៅពីនេះដើមឈើក៏នឹងត្រូវដាំនៅតាមទីតាំងផ្សេងៗទៀត ព្រោះដើមឈើមិនត្រឹមតែអាចផ្តល់ជាម្លប់ដល់សិស្សានុសិស្សទេ វាអាចជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ជួយកម្ចាត់ជាតិពុលនានា៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា
