សង្គម

អគ្គលេខាធិការរងគ.ជ.ប បានបញ្ចប់ដោះស្រាយបណ្តឹងតវ៉ាចំនួនជាង ២០០រួចហើយ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងផ្សាយតាមទូរទស្សន៏ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែ មិថុនា

image


ភ្នំពេញ៖ លោកសោម សូរីដា អគ្គលេខា ធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប ) បានឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃនេះថា គ.ជ.ប នឹងប្រជុំនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរៀបចំផ្សព្វផ្សាយលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ជាផ្លូវការ តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ចាប់ពីម៉ោង៧ ព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២។

លោក សោម សូរីដា បានឲ្យដឹងថា គ.ជ.ប បានបញ្ចប់ការដោះស្រាយបណ្តឹងតវ៉ាចំនួនជាង ២០០ចប់សព្វគ្រប់រួចហើយ ទើបសម្រេចប្រកាស់លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ជាផ្លូវការ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូល រួមប្រកួតប្រជែង។

លោក សោម សូរីដា មានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ កត់សំគាល់ឃើញថា ប្រជា ពលរដ្ឋ ចំនួនជាង ៨០% បានទៅបោះ ឆ្នោតប្រកបដោយទឹកមុខញញឹមរីករាយ បង្ហាញនូវការពេញចិត្តចូលរួមក្នុងការ បោះឆ្នោត។ ចំនួនអ្នកចេញទៅបោះឆ្នោតគឺជាតួលេខមួយខ្ពស់និងជាមោទនភាពជាតិ ដែល គ.ជ.បបានរៀបចំការបោះ ឆ្នោតថ្នាក់ក្រោមជាតិនេះក្នុងបរិយាកាសមួយល្អ និងមានការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងផ្តល់នូវកិច្ចសហការល្អ នៅក្នុងការរៀបចំចាត់ចែងការងារសន្តិសុខនិងសុវត្ថិភាពសណ្ដាប់ ធ្នាប់ល្អ បានធ្វើឲ្យបរិយាកាសមុនការបោះ ឆ្នោតក្នុងពេលបោះឆ្នោត និងក្រោយការ បោះឆ្នោត មានសភាពស្ងប់ស្ងាត់ល្អ និងមានសន្តិភាព។កត់សម្គាល់អំពីស្មារតីទទួលខុសត្រូវរបស់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញកិច្ចការរបស់ខ្លួនប្រកបដោយ ដែលធ្វើឲ្យដំណើរ ការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូនល្អ។

លោកអគ្គលេខាធិការរងគ.ជ.ប បានធ្វើការសង្កេតឃើញជាទូទៅដែរថា ទូទាំងប្រទេសគ្រប់ទីកន្លែងទាំងអស់ គឺមានដំណើរការស្ងប់ស្ងាត់ល្អ ជាការរួមចំណែកយ៉ាងសំខាន់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមនៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ។

គ.ជ.ប សូមសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះ ឆ្នោត បង្ហាញពីភាពចាស់ទុំខាងនយោបាយ ហើយពិសេសគឺភាគច្រើននៃគណបក្ស នយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតបានបង្ហាញការអបអរសាទរទៅនឹងលទ្ធផលនៃការបោះឆ្នោត។

ថ្វីដ្បិតតែមានគណបក្សមួយចំនួនតូច គាត់នៅមិនពេញចិត្តទៅនឹងលទ្ធផលនៃការបោះឆ្នោត បង្ហាញអំពីការខកចិត្តបែបណាក៏ដោយ ប៉ុន្តែនេះហើយគឺជាគោលការណ៍ និងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ក្នុងនោះដែរ ក៏យើងកត់សម្គាល់ទៅពីអ្នកសង្កេតការណ៍បោះឆ្នោតដែលមកពីអង្គការសមាគមនានា នៅក្នុងប្រទេស និងអ្នកសង្កេតការណ៍អន្តរជាតិបានចូលរួមតាមដានសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត តាំងពីដើមរហូតដល់ចប់ ហើយនឹងធ្វើការវាយតម្លៃមួយប្រកបដោយ សុទិដ្ឋិនិយម ផ្តល់នូវទំនុកចិត្ត និងការជឿជាក់ទៅលើគ.ជ.ប នៅក្នុងការរៀបចំការបោះឆ្នោត។

ជាមួយគ្នានោះដែរ លោកសោម សូរីដា បាន អរគុណផងដែរចំពោះអ្នកសារព័ត៌ មានជាតិ អន្តរជាតិ ដែលខិតខំប្រឹងប្រែងប្រមែប្រមូលព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការពិតនៃដំណើរការរៀបចំការ បោះឆ្នោតអំពីព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងនៅមុនពេលបោះ ឆ្នោតនិងក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត នេះគឺជាមោទនភាពរបស់គ.ជ.ប៕

ដោយ៖ វង សុភ័ក្ត្រ