សង្គម

អភិបាលខេត្តប៉ៃលិន ជំរុញអោយមន្ត្រីជំនាញ យកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់សំណូមពរ និងផ្តល់សេវានានា ជូនដល់ប្រជាពលរដ្ឋ

image


ប៉ៃលិន៖ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ក្នុងការបំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗ ក្នុងខេត្ត ឱ្យបានច្រើនបន្ថែមទៀត។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយភាពរលូនល្អ និងរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត។

លោកស្រីអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ជាពិសេស ត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកស្រី បាន ស្រីមុំ ក៍បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវមានកិច្ចសហការល្អ មានសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់លើ និងថ្នាក់ក្រោម តាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ហើយត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវ៉ា និងការសម្របសម្រួលដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ជាពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។


ដោយ ៖ សុខ វិច្ឆ័យ