ព័ត៌មានជាតិ

កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ

image


កោះកុង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថា កំពង់ផែនេះ ជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។

កំពង់ផែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ៕