ព័ត៌មានជាតិ

បង្ក្រាបក្រុមជួញដូរអាវុធខុសច្បាប់ ៦នាក់ ដែលបាញ់តដៃបណ្ដោលឲ្យសមត្ថកិច្ចរងរបួសនៅខេត្តព្រសីហនុ

image


ព្រះសីហនុ ៖ ក្រុមជួញដូរអាវុធខុសច្បាប់មួយក្រុមបានបាញ់តដៃជាមួយសមត្ថកិច្ចពេលកំពុង បេីកប្រតិបត្តិការបង្ក្រាបបណ្ដាលឱ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះក្រោយ ពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការស្រាវជ្រាបជាបន្ទាន់ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អិន បូរ៉ា អគ្គស្នងការរងទទួលផែន លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានបេីក ការ ស្រាវជ្រាវនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមានករណីផ្ទុះអាវុធ បណ្ដាលឱ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការបង្ក្រាបបានជនសង្ស័យនិងបក្ខពួក ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម(ជនដៃដល់) ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម(ប្រពន្ធជនដៃដល់) ឈ្មោះ DINH THANH XUYEN អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក) ឈ្មោះប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ(អ្នកជួញដូរអាវុធ)ឈ្មោះយិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ(អ្នកជួញដូរអាវុធ) ឈ្មោះឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាសមត្ថកិច្ចដែនដី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ឌីយ៉ាម៉ង់