ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ជម្រាបសម្តេចតេជោ ហ៊ុន សែន ថានឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងកម្ពុជា និងតួកគីកាន់តែរឹងមាំបន្ថែមទៀត

image



ភ្នំពេញ៖ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងកម្ពុជា និងតួកគីកាន់តែរឹងមាំបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច បន្ទាប់ពីលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោកស្រីផងដែរ។ មេដាយសហមេត្រីនេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនលោកស្រីឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី។

ក្នុងជំនូបលោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់មេដៃជូនដល់លោកស្រី ។ លោកស្រីក៏បានគោរពជម្រាបសម្ដេចថា ក្នុងរយៈពេលជាង ៤ឆ្នាំបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ១៩ រាតត្បាតពិភពលោកជាង ២ឆ្នាំរួចមកក៏ដោយ ក៏បានធ្វើការមួយចំនួនក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងផពាណិជ្ជកម្មនិងនយោបាយ នៃប្រទេសទាំងពីរកម្ពុជាតួកគី ។ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសតួកគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសតួកគី ជាបន្តបន្ទាប់។

លោកស្រីក៏បានជម្រាបសម្ដេចតេជោបន្ថែមថា លោកស្រីពិតជាមានកិត្តិយសជាទីបំផុតដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបម្រើទាំងតួកគី និងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជានាពេលនេះ លោកស្រីមានអារម្មណ៍ថា នេះជាការចាកចេញពីផ្ទះដែលធ្លាប់កំពុងរស់នៅ។តែយ៉ាងណាក៏ដោយ លោកស្រីក៏បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោកស្រីនឹងបន្តធ្វើយ៉ាងណាឲ្យកម្ពុជា និងតួកគី មានការរីកចម្រើន រឹងមាំ និងស៊ីជម្រៅ ទោះបីជាលោកស្រីនៅទៅដល់ទីណា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី និងសម្តែងនូវការកោតសរសើរចំពោះស្នាដៃយ៉ាងធំធេងរបស់លោកស្រីក្នុងការបំពេញការងារការទូតនៅកម្ពុជាយ៉ាងរស់រវើក និងផ្លែផ្កាចូលរួមចំណែកតាមរយៈការទូតរបស់លោកស្រី ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងតួកគី ដោយមានការរៀបចំដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសតួកគីកន្លងទៅ និងរៀបចំមូលដ្ឋានជាច្រើនក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ដែលទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ នឹងរីកចម្រើនទៅតាមអ្វីដែលយើងចង់បាន។

សូមបញ្ជាក់ថា លោកស្រី Ayda Unlu បានមកបំពេញការងារឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងបេសកកម្មរយៈពេលប្រមាណ៤ឆ្នាំមកនេះ លោកស្រីបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី៕

អត្ថបទ៖លោក ហ៊ន សុភ័ក្រ