ពលរដ្ឋចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលប៉ុនប៉ងប្លន់យកម៉ូតូពីយុវជន២នាក់ តែមិនបានសម្រេច

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតមួយគ្រឿង បានដេញកាប់ទៅលើយុវជន ២នាក់ទៀត ដែលគេសង្ស័យថា ជាការប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួកកំពុងរត់គេចខ្លួន។ ករណីនេះ បានកេីតឡេីងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ចំណែកគាត់ និងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-7773 ចេញពីម្តុំកោះពេជ្រ ក្នុងគោលបំណងទៅកន្លែងស្នាក់នៅម្ដុំផ្សារដីហុយ។ ខណៈពេលធ្វើដំណើរដល់ចំណុចរង្វង់មូលនាងគង្ហីងស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេរហូតមកដល់ចំណុចភ្លើងស្តុបផ្សារដីហុយ ហើយដោយមានការភ័យស្លន់ស្លោខ្លាំងពេកពួកគេក៏បានជិះម៉ូតូបំបែកផ្លូវគ្នា។
បន្ទាប់មកក្រុមក្មេងស្ទាវទាំងនោះបានបំបែកផ្លូវគ្នាដេញពួកគេរៀងៗខ្លួនដែរ។ ចំណែកពួកគេទាំងពីរនាក់ត្រូវបានក្មេងស្ទាវពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតបានជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើក៏ដួលម៉ូតូទៅលើចិញ្ចើមផ្លូវ ពួកគេក៏បានស្រែកថា ចោរៗ ធ្វើឱ្យផ្អើលដល់សន្តិសុខយាមនៅកន្លែងកើតហេតុ និងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆរ រួមនឹងសមត្ថកិច្ចនាំគ្នាមកចាប់ខ្លួនបានជនសង្ស័យម្នាក់ និងកាំបិតមួយដើម ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្តតាមនីតិវិធី៕

