សង្គម

កិច្ចប្រជុំ អាយឆា លើកទី៣៥រយៈពេលពីរថ្ងៃ ត្រូវបានបិទបញ្ចប់ជាមួយនឹងលទ្ធផលជាច្រើន

image


ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) បានរៀបចំកិច្ចប្រជុំលើកទី៣៥ របស់ខ្លួនតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះដឹកនាំដោយ លោក កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ និងមានការចូលរួម ពីតំណាងតំណាងរងអាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានរវាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំនេះ តំណាងអាយឆាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗ និងផ្តល់គំនិតផ្តួចផ្តើមផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសសមាជិកអាស៊ានមួយចំនួន។ ក្រៅពីនេះក៏បានពិភាក្សាទៅលើរបាយការណ៍ឆ្នាំ២០២២ របស់អាយឆា សេចក្តីថ្លែងការណ៍របស់ អាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣ ដើម្បីជាការត្រៀមលក្ខណៈសម្រាប់កិច្ចជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាយឆា ដែលនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០២២។ វឌ្ឍនភាពពាក់ព័ន្ធនឹងការត្រៀមអនុវត្តកម្មវិធី និងសកម្មភាពរបស់អាយឆាក៏ត្រូវបានពិភាក្សា ដែលក្នុងនោះរួមមាន សិទ្ធិបរិស្ថាន សិទ្ធិសុខភាព ធុរកិច្ច និងសិទ្ធិមនុស្ស ការជួញដូរមនុស្ស សិទ្ធិកុមារ និងកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២។

បន្ថែមលើនេះ អាយឆា ក៏បានពិភាក្សាលើយុទ្ធសាស្ត្រក្នុងការអនុវត្តផែនការប្រាំឆ្នាំ២០២១-២០២៥ របស់ខ្លួន និងអនុសាសន៍ទទួលបានពីកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីស្វ័យវាយតម្លៃរបស់អាយឆាលើវឌ្ឍនភាពការងារ ក្រោយពីបង្កើតឡើងបានរយៈពេល១០ឆ្នាំ។ ជាមួយគ្នានេះ អាយឆាបានរៀបចំកិច្ចជំនួបប្រចាំឆ្នាំជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន(CPR) ដោយបានពិភាក្សាផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។

ក្រៅពីនេះ អាយឆា ក៏មានកិច្ចជំនួបជាមួយវេទិកាស្ថាប័នសិទ្ធិមនុស្សជាតិអាស៊ាន(SEANF) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យផ្សេងៗ និងសកម្មភាពរួម ដែលជាប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ លើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ អាយឆាក៏បានពិភាក្សាអំពីគម្រោងក្នុងការរៀបចំកិច្ចសន្ទនាលើកទី៤ រវាងអាយឆា និងសហគមន៍អឺរ៉ុប លើគោលនយោបាយស្ដីពីសិទ្ធិមនុស្ស ក្នុងឆ្នាំ២០២២។

កិច្ចប្រជុំលើកទី៣៥ របស់អាយឆា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយសមាជិក សមាជិកាទាំងអស់ នៃកិច្ចប្រជុំក៏បានសម្តែងនូវការសាទរ និងការកោតសរសើរចំពោះតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធាននៃកិច្ចប្រជុំ ដែលបានដឹកនាំ កិច្ចប្រជុំនេះបានយ៉ាងល្អប្រសើរ៕