ព័ត៌មានជាតិ

សមត្ថកិច្ចនឹងលើកលែងការផាកពិន័យចំពោះបទល្មើសចរាចណ៍រថយន្ត និងម៉ូតូ លើចំណុចមួយចំនួន ដោយគ្រាន់តែធ្វើការអប់រំជំនួសវិញ

image

ភ្នំពេញ៖ សមត្ថកិច្ចចរាចរណ៍ នឹងធ្វើការលើកលែងការផាកពិន័យចំពោះបទល្មើសចរាចណ៍រថយន្ត និងម៉ូតូ លើចំណុចមួយចំនួន ដោយគ្រាន់តែធ្វើការអប់រំជំនួសវិញ ដូចជាបទល្មើមិនគោរពភ្លើងសញ្ញាចរាចរណ៍ មិនពាក់ខ្សែក្រាវ៉ាត់ និងនិយាយទូរសព្ទក្នុងពេលកំពុងបើកបរជាដើម។ នេះបើយោងតាមការឱ្យដឹងពី លោកលោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តាមរយៈសារសម្លេងដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា បានឱ្យដឹងថា ពាក់ព័ន្ធនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹតលេខ៣៩ និងដោយយោងតាមខ្លឹមសារនៃកិច្ចប្រជុំថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការណែនាំដល់ស្នងការទាំង ២៥រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផាកពិន័យរថយន្តដែលពីមុនមានចំនួន ៩ចំណុច ត្រូវកាត់បន្ថយមកធ្វើការអប់រំចំនួន ៥ចំណុច និងផាកពិន័យតែ ៤ចំណុចវិញ។ 

ចំពោះចំណុចដែលសមត្ថិកិច្ចធ្វើរការអប់រំមិនផាកពិន័យមាន ទី១ មិនគោរពភ្លើងចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ ទី២ល្មើសបទវ៉ាជែង ទី៣ មិនពាក់ខ្សែរក្រវ៉ាតសុវត្ថិភាព ទី៤ ការដឹកលើសចំណុះ(ត្រូវរើទម្លាក់ទំនិញចុះតាមច្បាប់កំណត់) និងទី៥ ការប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ។ ចំណែកបទល្មើសដែលត្រូវធ្វើការពិន័យបន្តទៀតមាន ៤ចំណុច ទី១ ល្មើសល្បឿនកំណត់ ទី២ បើកបរក្នុងស្ថានភាពស្រវឹង ទី៣ គ្មានបណ្ណបើកបរ និងទី៤ គ្មានស្លាកលេខ គ្មានបណ្ណសម្គាល់យានយន្ត។

ចំពោះម៉ូតូមានចំនួន ៧ចំណុចគឺ សមត្ថកិច្ចធ្វើការលើកលែងដោយគ្រាន់តែធ្វើការអប់រំ ៤ចំណុច រួមមាន ទី១ មិនគោរពភ្លើង និងស្លាកសញ្ញាចរារចរណ៍ ទី២ ការល្មើសការវ៉ាជែង ទី៣ ការប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ និងទី៤ គ្មានកញ្ចក់សម្រាប់មើលក្រោយ។ រីឯ៣ចំណុចដែលនៅបន្តធ្វើការពិន័យមានការមិនពាក់មួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹង និងម៉ូតូគ្មានស្លាកលេខ និងបណ្ណសម្គាល់ម៉ូតូ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ១០៦លើក ស្មើនឹង ១៤% ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤% និងចំនួនអ្នករបួសកើន ១៤៩នាក់ ស្មើនឹង ១៣%។

 ចំពោះមូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់គឺ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរយានយន្តមួយចំនួន មិនគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា