ព័ត៌មានជាតិ

ប្រជាពលរដ្ឋភូមិកោះថ្ម ស្រុកមេមត់សម្តែងក្តីរីរាយ បន្ទាប់ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់កោះថ្ម ពិសេសតំបន់ព្រំដែ X16

image

ត្បូងឃ្មុំ៖ តំបន់ X16 ដែលជាចំណុចព្រំដែនរវាងប្រទេសកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមក្នុងខេត្តតៃនិញ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការចេញតស៊ូដោយយកអាយុជីវិតធ្វើជាដើមទុន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តំបន់នេះ នៅពេលនេះបានអភិវឌ្ឍន៍ប្រែក្លាយជាកន្លែងដ៏ទាក់ទាញមួយ ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីរំឭកដល់គុណបំណាចរបស់សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិ ដែលបានលះបង់គ្រួសារ អាយុជីវិតប្តូរយកការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។ 

ការអភិវឌ្ឍនេះមិនត្រឹមតែរំឭកពីគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះទេ តែបានជួយលើកកម្ពស់ជីវភាពការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់មួយនេះបានមួយកម្រិតថែមទៀត។ លោក វ៉ន វ៉ាន ប្រធានភូមិកោះថ្ម បានរៀបរាប់ថា រយៈពេលចុងក្រោយនេះ ពោលគឺ បន្ទាប់ពីរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រែក្លាយតំបន់ព្រំដែន X16 ដោយបានកសាងនូវហេដ្ឋាចនាសម្ព័ន្ធជាច្រើន ដូចជាសាលារៀន ផ្លូវថ្នល់ និងអាគាររំឭកពីប្រវត្តិសាស្ត្រ នៃការចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់លោកទាំងមូល មានជីវភាពប្រសើរឡើងមួយកម្រិតទៀត ក្នុងការបង្ករភាពងាយស្រួលយ៉ាងខ្លាំងដល់ការរកស៊ីប្រចាំថ្ងៃ ព្រោះមានផ្លូវ ភ្លើង មានភ្លៀវ ចេញចូលច្រើនជាងមុន។

ជាមួយគ្នានេះ លោក លាង ឆែ ប្រពលរដ្ឋក្នុងភូមិកោះថ្ម ក៏បានរៀបរាប់ដែរថា ជាការពិតមិនអាចប្រកែកបាន ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានរបស់លោក ដែលការរីកចម្រើននេះ បានមកពីតម្លៃនៃសុខសន្តិភាព ពិសេសការអភិវឌ្ឍនៅតំបន់ព្រំដែន ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការចេញតស៊ូរំដោះប្រទេសជាតិពីររបបប្រល័យពូជសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

ស្រដៀងគ្នានេះដែរ លោក ពេជ្រ សំបូ បានរៀបរាប់ថា លោកពិតជាសប្បាយរីករាយក្នុងនាមប្រជាពលរដ្ឋក្នុងភូមិកោះថ្ម ព្រោះពេលនេះក្នុងមូលដ្ឋានរបស់លោក បានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័ស តាមរយៈការកសាងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ និងអាគារអនុស្សវរីយ៍ ដែលរំឭកពីគុណបំណាច់នៃការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន កាលពីជាង ៤០ឆ្នាំមុន។ ការនេះ ជាការបង្ហាញពីការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដើម្បីប្តូរយកសុខសន្តិភាព សេរីភាព និងភាពរីកចម្រើនជូនប្រទេសជាតិ និងប្រជាជនកម្បុជា។

សូមបញ្ចាក់ថា តំបន់X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីរំឭកដល់គុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជា រូបសំណាកព្រះអង្គគោកធ្លក អាគារមិត្តភាព សារៈមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិការ ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថមម្ភាគចក្រ ទីលានបាល់ទាត់ សួនច្បារ និងផ្លូវអ៊ុតកៅស៊ូ ជាដើម។ 

តំបន់X16នេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុនពត នៅបំបន់X16នេះ៕

ដោយ៖ ជឹង សេងឡុង