សុខភាព

ដំណឹងល្អ! ការសិក្សាមួយ បង្ហាញថា ញ៉ាំផ្លែបឺរ ពីរដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យគាំងបេះដូង

image


សុខភាព៖ ការសិក្សាថ្មីមួយ បានរកឃើញថា ញ៉ាំផ្លែបឺរពីរពេលក្នុងមួយសប្ដាហ៍ បានជួយកាត់បន្ថយហានិភ័យគាំងបេះដូង បានរហូតដល់ជាង ២០ភាគរយ បើធៀបទៅនឹងអ្នកដែលមិនសូវបានញ៉ាំផ្លែបឺរ។

ជំងឺបេះដូង ជាប្រភេទជំងឺមួយដែលនាំមុខគេបណ្ដាលឲ្យមនុស្សស្លាប់ច្រើននៅលើពិភពលោក។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាអ្នកស្លាប់ដោយសារជំងឺបេះដូងមានប្រហែល ១៨លាននាក់ក្នុងមួយឆ្នាំៗ។

ការសិក្សាបានរកឃើញថាការញ៉ាំផ្លែបឺរប្រហែល ៨០ក្រាមចំនួនពីរដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហានិភ័យបញ្ហាគាំងបានដូងបាន ២១ភាគរយ បើធៀបទៅនឹងអ្នកមិនញ៉ាំ ឬមិនសូវញ៉ាំផ្លែឈើមួយប្រភេទនេះ។

ការសិក្សានេះ បានធ្វើឡើងដោយមានអ្នកចូលរួមចំនួន ៦៨ ០០០នាក់ជាស្រ្តី និង៤១ ០០០នាក់ជាបុរស ហើយអ្នកចូលរួមជាមនុស្សដែលគ្មានជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺស្រ្តូកឡើង។ ក្នុងរយៈពេល ៣០ឆ្នាំ នៃការសិក្សា អ្នកចូលរួមត្រូវបំពេញកម្រងសំនួរទាក់ទងនឹងរបបអាហាររាល់បួនឆ្នាំម្ដង។ ជាលទ្ធផល ដែលសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបង្ហាញថា អ្នកដែលបានញ៉ាំផ្លែបឺរពីរដងក្នុងមួយសប្ដាហ៍ បានកាត់បន្ថយហានិភ័យបញ្ហាគាំងបេះក្នុងរង្វង់២០ភាគរយ បើធៀបទៅនឹងអ្នកមិនញ៉ាំ។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញបានណែនាំថា ដើម្បីការពារសុខភាពបេះដូង យើងគ្រប់គ្នាគួរថែរក្សាទម្ងន់ខ្លួនឲ្យស្ថិតក្នុងកម្រិតសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ កាត់បន្ថយស្រ្តេស កម្រិតការផឹកគ្រឿងស្រវឹង កុំជក់បារី ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើន៕

ប្រភព៖ www.hellokrupet.com