សង្គម

តំបន់ទឹកធ្លាក់វាលពួច កាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដែលចូល ចិត្តកន្លែងកម្សាន្តបែបធម្មជាតិ

image


កំពត៖ តំបន់ទឹកធ្លាក់វាលពួច ជាតំបន់មួយដែលមានសកត្តានុពលធម្មជាតិគួរឱ្យទាក់ទាញមួយក្នុងខេត្តកំពត ទោះជាមិនទាន់មានការរៀបចំហេដ្ឋារចនាសម័្ពន្ធឱ្យបានត្រឹមត្រូវក៏ដោយ ក៏ភ្ញៀវទេសចរនាំគ្នាទៅសម្រាកកម្សាន្តច្រើនជាងមុន បន្ទាប់ពីមានការរៀបចំជារីហ្សត និងអាហារដ្ឋានខ្លះៗនៅទីនោះ។ តំបន់នោះភ្ញៀវទេសចរអាចធ្វើដំណើរថ្មើជើងកម្សាន្តគយគន់ទេសភាពដងភ្នំ ងូតទឹកជ្រោះលេង ថតរូបលើស្ពានយោល មើលថ្ងៃរះ ថ្ងៃលិច និងជិះខ្សែរ៉កជាដើម។

តំបន់ទឹកធ្លាក់វាលពួច ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ដើម្បីធ្វើដំណើរទៅដល់តំបន់នោះ ត្រូវជិះនៅផ្លូវជាតិលេខ៣ កំពត-វាលរិញ ចូលតាមក្លោងទ្វារវត្ត ព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។

កញ្ញា ស៊ីណែត ដែលជាភ្ញៀវទេសចរមកពីទីក្រុងភ្នំពេញ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលកញ្ញាបានមកដល់ទីនោះ បានធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ពេលដែលបានចូលមកកាន់តំបន់ទឹកធ្លាក់វាលពួចនេះ ដែលជាកន្លែងដែលមានសម្រស់ព្រៃធម្មជាតិស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រមទាំងមានទឹកជ្រោះដ៏ត្រជាក់ និងជាកន្លែងមួយដែលជាប់នឹងជើងភ្នំបូកគោផងដែរ។

ជាមួយគ្នានេះ កញ្ញា ស្រីទូច មកពីភ្នំពេញ ដែលជាភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរជាច្រើន ដែលទៅកម្សាន្តនៅតំបន់នេះ បានឱ្យដឹងដែរថា កញ្ញាចូលចិត្តមកលេងខេត្តកំពត ព្រោះខេត្តកំពតនៅជិតទីក្រុងភ្នំពេញ ហើយផ្លូវស្រួលធ្វើដំណើរ ព្រមទាំងមានកន្លែងដើរលេងកម្សាន្តច្រើនសម្បូរបែប។ ជាក់ស្តែងតំបន់ទឹកធ្លាក់វាលពួចនេះ ជាកន្លែងទេសចរណ៍មួយថ្មី ដែលមានលក្ខណៈធម្មជាតិសុទ្ធសាត ទោះជាផ្លូវចូលមិនសូវល្អបន្តិចក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរដែលទៅកម្សាន្តមិននឿយណាយក្នុងការដំណើរមកកម្សាន្តទេ។

ទន្ទឹមនឹងមានការកើនឡើងភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់នោះ ដោយសារជារីហ្សតទីមួយនៃតំបន់នោះ ដែលត្រូវបានបង្កើតឡើង មានឈ្មោះថា ជ្រឡងបៃតងរីហ្សត។ វាត្រូវបានរៀបចំឡើងតាមបែបធម្មជាតិ និងមានកន្លែងកម្សាន្តដូចជា មានស្ពានយោល កន្លែងជិះខ្សែរ៉ក និងកន្លែងសម្រាប់ភ្ញៀវទេសចរងូតទឹកជ្រោះកម្សាន្តផងដែរ។

លោក ជា ធីណា ជាអ្នកគ្រប់គ្រង ជ្រលងបៃតងរីហ្សត បានឱ្យដឹងថា ជ្រលងបៃតងរីហ្សតនេះ បានបើកបម្រើសេវាជូនភ្ញៀវកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចុប្បន្នលោកសង្កេតឃើញថា ភ្ញៀវទៅកម្សាន្តនៅតំបន់ទឹកធ្លាក់វាលពួចនេះកាន់តែច្រើន ហើយកន្លែងស្នាក់នៅ និងអាហារដ្ឋានរបស់លោកក៏មានភ្ញៀវកាន់តែច្រើនដែរ។ ចំពោះផ្លូវធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់វាលពួច មានភាពលំបាកក្នុងការធ្វើដំណើរនៅឡើយ តែភ្ញៀវទេសចរនៅតែទៅសម្រាកកម្សាន្តទីនោះ និងតំបន់ទឹកធ្លាក់វាលពួចច្រើន ជាពិសេសថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាក សៅរ៍-អាទិត្យ។

ទាក់ទងនឹងតំបន់ទេសចរណ៍នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា តំបន់ទឹកធ្លាក់វាលពួច មានទេសភាពស្អាត និងមានសកត្តានុពលទេសចរណ៍ច្រើន ប៉ុន្តែមន្ទីរមិនទាន់បានធ្វើការវាយតម្លៃ ឬវិនិច្ឆ័យដាក់បញ្ចូលជាតំបន់រមណីយដ្ឋាននៅឡើយទេ។ បច្ចុប្បន្ន ឃើញប្រជាពលរដ្ឋបានអភិវឌ្ឍន៍ដីរបស់ខ្លួនដែលនៅក្បែរៗនោះ ដោយធ្វើជារីហ្សត សេវាបោះតង់ និងអាហារដ្ឋានជាបណ្តើរៗ៕

អត្ថបទ៖ វង្ស សុធារម្យ