សង្គម

ក្រោយថ្ងៃទី៣០ មិថុនា រថយន្តចង្កូតស្តាំ ដែលគ្មានពន្ធនៅកម្ពុជា ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន

image


ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ចំពោះរថយន្តចង្កូតស្តាំខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹងបានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន ៕