ស្ថានីយអាងចម្រោះទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ស្ថាបនារួចរាល់ប្រមាណជាង ៥០%

ព្រះសីហនុ៖ ស្ថានីយអាងចម្រោះទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ត្រូវបានស្ថាបនារួចរាល់ប្រមាណជាង ៥០% គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពស្ថានីយអាងចម្រោះទឹកកខ្វក់ទី៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា
ដើម្បីដោះស្រាយអំពីបញ្ហាទឹកកខ្វក់ហូរចូលទៅសមុទ្រដោយផ្ទាល់បង្កឲ្យប៉ះពាល់បរិស្ថានជីវៈចម្រុះនៅក្នុងសមុទ្រក៏ដូចជាតំបន់ឆ្នេរ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្ថាបនាសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ទី ៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ ម៉ឺនម៉ែត្រក្នុងមួយថ្ងៃដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ(ចុងស្ពានឆ្នេរអូរឈើទាល២)នេះគឺជាអាងស្ថានីយចម្រោះធំជាងគេបន្ទាប់ពីអាងស្ថានីយចម្រោះទី ១ ទី ២ បានដាក់ឲ្យដំណើរការរួចរាល់នាពេលកន្លងមក។
ក្នុងគ្រានោះដែរលោកអភិបាលខេត្តក៏បានពន្លឿនដល់ក្រុមស្ថាបនាធ្វើយ៉ាងណាឲ្យឆាប់រួចរាល់និងស្ថាបនាទៅតាមប្លង់ដែលបានកំណត់ សម្រាប់ការប្រើប្រាស់បានយូរអង្វែង។
ក្រុមបច្ចេកទេសស្ថាបនាបានឲ្យដឹងថា ការស្ថាបនាស្ថានីយចម្រោះមកដល់ពេលនេះបានប្រមាណជាង ៥០% និងបញ្ចប់ទៅតាមដំណាក់កាល សាងសង់លើផ្ទៃដី១ហិកតា៕
អត្ថបទ៖ ប៉ៃ សុឃីម
