អាជីពថតរូបនៅមុខវាំង បានថយចុះខ្លាំង ខណៈអ្នកប្រើប្រាស់ទូរសព្ទទំនើបកាន់តែច្រើន
ភ្នំពេញ៖ សម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន បាននាំឱ្យប្រជាពលរដ្ឋទាំងក្មេងទាំងចាស់មានលទ្ធភាពប្រើប្រាស់ទូរសព្ទស៊េរីទំនើប និងមានតម្លៃសមរម្យ ដែលអាចប្រើប្រាស់ទៅលើការថតរូបភាពបានយ៉ាងច្បាស់ល្អ មិនចាញ់កាមេរ៉ាថតរូបប៉ុន្មានទេ ជាហេតុធ្វើឲ្យអ្នកដែលប្រកបរបរអាជីពថតរូបនៅមុខព្រះបរមរាជវាំង បានធ្លាក់ចុះយ៉ាងខ្លាំង។
យោងតាមការឱ្យដឹងពី លោ ជន ជឿន ដែលប្រកបអាជីពថតរូបនៅមុខព្រះបរមរាជវាំងប្រមាណជាង ១០ឆ្នាំមកហើយ បានលើកឡើងថា បច្ចុប្បន្នគាត់សង្កេតឃើញប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រើប្រាស់ទូរសព្ទស៊េរីទំនើប ដែលអាចប្រើប្រាស់ទៅលើកម្មវិធីជាច្រើន និងអាចថតយករូបភាពបានច្បាស់ល្អ។ ការនេះធ្វើឱ្យការថតរូបរបស់ពួកគាត់មានការធ្លាក់ចុះច្រើនពិតមែន តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តការទទួលនូវសេវាថតរូបរបស់គាត់ដដែល ដោយសេវាការថតរូបរបស់គាត់អាចថតភ្លាមបានរូបភាពភ្លាមៗមិនចាំយូ ជាមួយនឹងតម្លៃសមរម្យ។
លោ ជន ជឿន បានបញ្ជាក់ថា ទោះជាចំណូលរបស់គាត់រកមិនបានច្រើនធៀបនឹងកាលពី ១០ឆ្នាំមុន ដែលមិនសូវមានទូរសព្ទស៊េរីទំនើបក៏ពិតមែន តែនៅពេលបច្ចុប្បន្នក៏នៅតែអាចរកចំណូលបានដើម្បីផ្គត់ផ្គង់សម្រាប់ជីវភាពគ្រួសារបានដែរ។ នៅពេលនេះចំនួនជាងថតចាស់ៗដែលថតពីដើមកន្លងមកក៏ថយច្រើន ព្រោះតែចំនួនប្រជាពលរដ្ឋដែលគាត់ទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំងមានការកើនឡើង ប៉ុន្តែមិនសូវជាមានអ្នកប្រើប្រាស់សេវាថតរូបរបស់ជាងថតនៅមុខព្រះបរមរាជវាំងច្រើនដូចមុនទេ។ ការនេះ ដោយសារតែពួកគាត់មានទូរសព្ទទំនើបៗអាចប្រើប្រាស់ និងថតរូបដោយខ្លួនឯងបាន។
ទោះយ៉ាងនេះក៏ដោយ លោ ជន ជឿន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅសួនច្បារមុខព្រះបរមរាជវាំង ជួយបន្តការគាំទ្រចំពោះសេវាថតរូបរបស់ពួកគាត់ផង ដើម្បីឱ្យពួកគាត់អាចរកបានចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ ម្យ៉ាងវិញទៀត ការទទួលសេវាថតរូបអាចទទួលបានរូបភាពដ៏ស្រស់ស្អាត និងមិនរង់យូរនោះទេ៕
ដោយ៖ ឌីយ៉ាម៉ង់








