ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ រដ្ឋបន្ថយពន្ធនាំចូល៥០% ដើម្បីលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

image


ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តការកាត់បន្ថយពន្ធនាំចូល៥០% ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។

ការថ្លែងរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល គឺនៅក្នុងការផ្សាយផ្ទាល់លើហ្វេសប៊ុកផ្លូវការរបស់ក្រសួងនៅថ្ងៃទី២៧ ខែឧសភានេះ អំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

ឆ្លើយទៅនឹងសំណួរមួយថា នៅក្រៅប្រទេសរដ្ឋមានការជួយជាថវិកាសម្រាប់ជាការលើកទឹកចិត្តដល់អ្នកដែលបានទិញរថយន្តអគ្គិសនី តើនៅប្រទេសកម្ពុជាមានការលើកទឹកចិត្តឬទេ? ជាការឆ្លើយបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការគឺ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តការកាត់បន្ថយពន្ធនាំចូល ៥០%ហើយ សម្រាប់យានយន្តអគ្គិសនី បើប្រៀបធៀបទៅពន្ធនាំចូលរបស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដោយបច្ចុប្បន្នពន្ធនាំចូលយានយន្តអគ្គិសនីនៅត្រឹម ៦០%ប៉ុណ្ណោះ ខណៈយានយន្តប្រើប្រេងឥន្ធនៈមានពន្ធនាំចូលប្រមាណ១២០%។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «តាមរយៈការបន្ធូរបន្ថយពន្ធនាំចូលសម្រាប់យានយន្តអគ្គិសនីនេះវាជាការលើកទឹកចិត្តមួយហើយសម្រាប់អ្នកទិញឡានអគ្គិសនី ដោយសារតែឡានទាំងនោះវានមានតម្លៃធូរថ្លៃព្រោះពន្ធនាំចូលថោកជាង បើប្រៀបធៀបជាមួយយានយន្តប្រើប្រេងឥន្ធនៈ ដែលវានឹងជួយសម្រួលដល់ការប្រើថវិការបស់ពលរដ្ឋពេលទិញឡានអគ្គិសនី»។

លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការបន្ធូរបន្ថយពន្ធនាំចូលសម្រាប់យានយន្តអគ្គិសនី ដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងសហការជាមួយអង្គការនានា ក៏ដូចជាដៃគូវិនិយោគឯកជន ដើម្បីបង្កើតឲ្យមានម៉ាស៊ីន ឬជាស្ថានីយបញ្ចូលអគ្គិសនីសម្រាប់យានយន្តទាំងនោះឲ្យបានច្រើនទីតាំងបន្ថែមទៀត សំដៅសម្រួលដល់ការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពលរដ្ឋ៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ