សង្គម

ពលរដ្ឋក្រីក្រចំនួន៣៤គ្រួសារ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទទួលបានដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា

image


បាត់ដំបង៖ ប្រជាពលរដ្ឋក្រីករ ដែលបាននឹងកំពុងរស់នៅ ដោយគ្មានសុវត្ថិភាព នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន៣៤គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច ពីរដ្ឋ បន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការកាត់ឆ្វៀលចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ការរស់នៅដោយស្របតាមច្បាប់ ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ លោក អ៊ូ ដារី បានឲ្យដឹងថា ក្បាលដីចំនួន៣៤ ក្បាលដី ដែលត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍កាត់ឆ្វៀលផ្ទៃដីទំហំ៤,៤៦៧ម៉ែត្រការ៉េ ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៃក្រសួងពាណិជ្ជកម្ម ដែលអង្គភាពប្រើប្រាស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងកាត់ផ្ទៃដីទំហំ២,១៥៥ ម៉ែត្រការ៉េ ទៀតសម្រាប់ធ្វើជាផ្លូវសាធារណៈ ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ការប្រគល់ក្បាលដីលំនៅដ្ឋាននេះ បើទោះបីជាការប្រគល់មានភាពយឺតយ៉ាវមែន តែការកាត់ដីចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវការធ្វើទៅតាមនិតិវីធីជាច្រើនទើបអាចធ្វើការកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបាន ។

លោក បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានក្បាលដីហើយ សូមបន្តបំពេញសំណុំបែបបទ តាមនិតិវិធីបន្តទៀត ទៅតាមការណែនាំរបស់មន្រ្ដីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាត់ដំបង ដើម្បីបានសិទ្ធិកាន់កាប់ស្របច្បាប់ សម្រាប់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលប្រជាពលរដ្ឋ ទើបទទួលបានពីរាជរដ្ឋាភិបាលនាពេលនេះ ។

ក្នុងឱកាសនោះដែរ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២រួចរាល់ហើយ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ហើយបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ បានរយៈពេល៣ទៅ៤ខែ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ។

សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ លោក អភិបាលខេត្តបាត់ដំបង បានអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដែលមានសមត្ថភាពមកដឹកនាំមូលដ្ឋាន បន្តកិច្ចអភិវឌ្ឍន៍ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។


លោក សុខ លូ បានបញ្ជាក់ថា អ្វីដែលសំខាន់សូមចូលរួមបន្តថែរក្សាសន្ដិភាពឲ្យបានគង់វង្ស ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានខិតខំគ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិមានសុខសន្ដិភាព ហើយបើសិនជារក្សាបាននូវសុខសន្ដិភាពនេះ នឹងធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ៕

ដោយ ឡាច សុគន្ធាវី