សង្ខេបព័ត៌មានអន្តរជាតិ និងដំណឹងជុំវិញសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នំា២០២២
-រដ្ឋាភិបាលប្រទេសអ៊ុយក្រែននិយាយថា ខ្លួននឹងមិនឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយនឹងទីក្រុងម៉ូស្គូ ដោយហេតុផលកាត់ទឹកដីណាមួយឱ្យរុស្ស៊ីជាថ្នូរនឹងបទឈប់បាញ់គ្នានោះឡើយ។
-ដោយឡែកទីប្រឹក្សាលោកប្រធានាធិបតីហ្សេឡេនស្គីឯណោះវិញ បានលើកឡើងដែរថា ការបង្កើតនូវសម្បទានណាមួយជាមួយនឹងទីក្រុងម៉ូស្គូ អាចនឹងបង្កឱ្យមានការវាយប្រហារបង្ហូរឈាមគ្នារយៈពេលវែងបន្ថែមទៀតតែប៉ុណ្ណោះ។
-ប្រធានាធិបតីប្រទេសប៉ូឡូញ អាន់ដេហ្ស៍ ឌូដា(Andrzej Duda)បានថ្លែងប្រាប់ដល់សភាអ៊ុយក្រែនថា អ៊ុយក្រែនមានសិទ្ធិតែមួយគត់ គឺត្រូវតែកំណត់ជោគវាសនាដោយខ្លួនឯង។ ការមានប្រសាសន៍បែបនេះ ត្រូវបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចមួយរបស់លោកមកកាន់រដ្ឋធានីគីវ។
-កងយោធារុស្ស៊ីបានបន្តការវាយប្រហាររបស់ពួកគេទៅលើតំបន់ដុនបាសភាគខាងកើតប្រទេសអ៊ុយក្រែនបន្ទាប់ពីការចូលកាន់កាប់ទីក្រុងម៉ារីអូប៉ូលនោះរួចមក។
-ក្រុមមេបញ្ជាការកងយោធារុស្ស៊ីដដែលបានអះអាងថា ពួកគេបានរុលចូលសំដៅទៅកាន់ទីប្រជុំជនឈ្មោះ សឺវើរូដូណេសក៍(Severodonetsk) ជាទីកន្លែងយុទ្ធសាស្រ្តមួយ អាចនឹងបន្តដំណើរឆ្ពោះទៅរកការកាន់តំបន់ផ្សេងទៀត។
-ដោយផ្អែកតាមដំណឹងរបស់ក្រសួងការពារជាតិអង់គ្លេសឯណោះវិញបានលើកឡើងថា ប្រទេសរុស្ស៊ីអាចនឹងដាក់ពង្រាយនូវកងរថពាសដែក និងកម្លំាងជំនួយគំាទ្រនៅពីក្រោយកម្លំាងជួរមុខបន្ថែមទៀត នៅក្នុងជុំវិញបរិវេណទីក្រុងដុនបាស។
-ដោយឡែករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសហគមន៍អឺរ៉ុបរបស់ប្រទេសបារំាងវិញ បានលើកឡើងថា ប្រទេសអ៊ុយក្រែនអាចនឹងត្រូវចំណាយពេលយ៉ាងតិចចាប់ពី១៥ឆ្នំាទៅ២០ឆ្នំា ដើម្បីបំពេញនីតិវិធីនិងលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលជាសមាជិករបស់សហគមន៍អឺរ៉ុបបាន។
ដំណឹងក្នុងតំបន់ និងក្រៅតំបន់
-បណ្តាញផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាននិយាយថា ជំងឺគ្រុនក្តៅប្រចំាថ្ងៃដែលគេសង្ស័យថា ជាសមុដ្ឋាននៃកូវីដ-១៩បានផ្ទុះឡើងនោះមានចំនួនប្រមាណជា ២សែនករណី ខណៈដែលកូរ៉េខាងជើងនៅតែរក្សាសភាពស្ងៀមស្ងាត់នៅឡើយជាមួយនឹងប្រទេសកូរ៉េខាងត្បូងនោះ។
-រដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានដាក់បទបញ្ញត្តិឱ្យពិធីការិនីនៅលើកញ្ចក់ទូរទស្សន៍ត្រូវបំាងមុខជិតនៅពេលដែលផ្សាយជាផ្លូវការ និងផ្សាយដំណឹងផ្សេងៗទៀត។
-មេដឹកនំាគណបក្សប្រឆំាងនិងជាអតីតនាយករដ្ឋមន្រ្តីនៅក្នុងប្រទេសប៉ាគីស្ថានឯណោះវិញបានធ្វើការអំពាវនាវសូមឱ្យក្រុមអ្នកគំាទ្ររបស់ខ្លួនធ្វើព្យុះហយាត្រាដំណើរក្បួនកាត់តាមរដ្ឋធានីអ៊ីស្លាមបាដ ដើម្បីទាមទារសូមឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតឡើងវិញ។
-សម្តេចសង្ឃ កាតូលិក ប៉ាប ហ្វ្រំាងស៊ីស ព្រះអង្គបានសម្តែងនូវសមានទឹកព្រះទ័យ ក្នុងន័យជម្រុញឱ្យព្រះវិហារនិកាយកាតូលិក នៅក្នុងប្រទេសចិនត្រូវបើកឱ្យទូលាយនូវសេរីភាព និងភាពស្ងប់ស្ងាត់។ ប៉ុន្តែសម្តេចសង្ឃកាតូលិកអង្គនេះ ពុំបានរំលេចឡើងជុំវិញរឿងរ៉ាវរបស់មេដឹកនំាកាឌីណាល់និកាយកាតូលិកមានអាយុ៩០ឆ្នំា ដែលគេឃាត់ខ្លួននៅក្នុងទីក្រុងហុងកុងនោះឡើយ។
-លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកចូបៃដិន ស្ថិតនៅក្នុងប្រទេសជប៉ុនដើម្បីចាប់ផ្តើមពិភាក្សាលើផែនការសេដ្ឋកិច្ចប្រចំាតំបន់ ក្នុងគោលដៅប្រជែងគ្នាជាមួយនឹងទីក្រុងប៉េកំាង។ នេះជាដំណើរទស្សនកិច្ចជុំដំបូងហើយរបស់លោកក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនោះ ស្របពេលដែលលោកបានជួបពិភាក្សាជាមួយនឹងមេដឹកនំាឥណ្ឌា អូស្រ្តាលី និងជប៉ុន នៅក្នុងកិច្ចប្រជុំក្វដ(Quad)។
-ចំណែកឯកោះតៃវ៉ាន់ នឹងមិនត្រូវបានគេលើកយកមកពិភាក្សានិងដាក់បញ្ចូលនៅក្នុងក្របខណ្ឌដើម្បីវិបុលភាពសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(IPEF) របស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកចូបៃដិនឡើយ។
-នៅព្រឹកថ្ងៃចន្ទ នេះ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអូស្រ្តាលីបានធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែងហើយ បន្ទាប់ពីទទួលជោគជ័យនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍កន្លងទៅ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីទី៣១រូបនេះមានឈ្មោះថា អាន់ថូនី អាលបាណេសស៍(Anthony Albanese) ជាមេគណបក្សការងារបានតស៊ូមតិប្រឆំាងអស់រយៈពេល៩ឆ្នំាកន្លងមកហើយទំារំាមានឱកាសបានវិលត្រឡប់មកកាន់អំណាចវិញ។
-ងាកមកមើលប្រទេសចិនឯណេះវិញម្តង ប្រទេសចិនកំពុងតែបញ្ជាទិញធ្យូងថ្មពីប្រទេសរុស្ស៊ីដែលមានតម្លៃថោក ហើយពុំធ្លាប់មានកាលពីពេលមុន ដែលមានន័យទីក្រុងម៉ូស្គូ ចាប់ផ្តើមមានអតិថិជនថ្មីរបស់ខ្លួន បន្ទាប់ពីការព្យាយាមរំាងរាពីសំណាក់ក្រុមលោកខាងលិចនោះរួចមក។
-នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកជំនន់ដែលបង្កមកពីទឹកភ្លៀងបណ្តាលឱ្យមានការរអិលបាក់ដីជាច្រើនទីតំាងនៅក្នុងប្រទេសបង់ក្លាដេស និងផ្នែកខ្លះទៀតនៅក្នុងប្រទេសឥណ្ឌា ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់សិបលាននាក់ និងស្លាប់មនុស្សច្រើនជាង៥០នាក់ រហូតមកទល់នឹងថ្ងៃចន្ទនេះ៕
ប្រែសម្រួលសង្ខេបន័យ៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNN/Reuters/AFP/AP/BBC/RT















