សង្គម

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ៖ គម្រោងជីកព្រែកភ្ជាប់ទៅកាន់ផែសមុទ្រ របស់ក្រសួងសាធារណការ នឹងជួយកាត់បន្ថយការផ្ទេរទំនិញកម្ពុជា នៅផែរបស់ប្រទេសជិតខាង

image


ភ្នំពេញ ៖ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានចាត់ទុកគម្រោងសិក្សា ក្នុងការជីកព្រែកភ្ជាប់ទៅកាន់ផែសមុទ្រ នាខេត្តកែប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាគម្រោងដែលនឹងផ្តល់សក្តានុពលខ្លាំង សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក របស់ប្រទេសកម្ពុជា។


លោកបន្ថែមថា បច្ចុប្បន្ន ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ត្រូវការការពឹងផ្អែកមួយចំនួន ក្នុងការផ្ទេរទំនិញ នៅផែប្រទេសជិតខាងរបស់កម្ពុជា ពោលគឺប្រទេសវៀតណាម ដើម្បីដឹកជញ្ជូនបន្តក្នុងការនាំចូល និងចេញពីប្រទេសកម្ពុជា ហើយប្រសិនបើគម្រោងជីកព្រែកនេះ អាចធ្វើទៅបានមែននោះ កម្ពុជានឹងអាចដឹកជញ្ជូន ទៅកាន់ប្រទេសគោលដៅដោយផ្ទាល់ ហើយនឹងកាត់បន្ថយការផ្ទេរទំនិញរបស់កម្ពុជា នៅផែប្រទេសជិតខាង ដែលវាផលចំណេញខ្លាំង សម្រាប់សេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបថា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងខែមេសាកន្លងទៅនេះ បានប្រកាសថា ក្រសួង កំពុងធ្វើការសិក្សា លើគម្រោងជីកព្រែកជាង៧គីឡូម៉ែត្រ ភ្ជាប់ ទៅ កំពង់ផែសមុទ្រកែប ដើម្បីបើកការដឹក ជញ្ជូន តាមផ្លូវទឹក ពីដងទន្លេនា នាទៅកាន់ កំពង់ផែសមុទ្រ ឲ្យអស់លទ្ធភាព ខណៈដែលកម្ពុជាមានសក្ដានុពលផ្លូវទឹកជាច្រើន ដែលមិនទាន់ បានប្រើ ប្រាស់ អស់។

ទេសរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាមានលទ្ធភាពប្រើប្រាស់ទឹកទន្លេមេគង្គ ទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាល ចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និង សម្បូរបែប ដែលការដឹកជញ្ជូនផ្លូវទឹកនេះ នឹងកាត់បន្ថយការស្ទះចរាចរ កាត់បន្ថយការខូចផ្លូវ ចំណេញពេលវេលា និងចំងាយផ្លូវ និងចំណេញថវិកាផងដែរ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានកំពង់ផែរណបចំនួន៧កន្លែង រួមមាន៖ កំពង់ផែរណបពហុបំណង (TS11) កោះរកា ព្រែកតាម៉ាក់ កំពង់ឆ្នាំង ឆ្លូង ទន្លេបិទ និងចំណតផែកុងតឺន័រ(LM17)៕

អត្ថបទ ៖ សន ពិសិដ្ឋ