សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បេ្តជ្ញាចូលរួមជាមួយរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា
ភ្នំពេញ៖ សភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) នៅថ្ងៃទី១៧ ខែឧសភា បានចុះហត្ថលេខារួមគ្នាលើអនុស្សរណនៃការយោគយល់ស្តីពីកិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក Paul Dodd សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍នៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ និងបានបង្កើតយុទ្ធនាការសង្គម ស្តីពី “អំណាចនៃពាក្យថាទេ” ជាផ្នែកមួយ នៃយុទ្ធនាការពិសាគ្រឿងស្រវឹង កុំបើកបរ បើកបរកុំពិសាគ្រឿងស្រវឹង ដើម្បីផ្សព្វផ្សាយដល់សមាជិក និង ក្រុមគ្រួសាររបស់សមាជិក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកបានកត់សម្គាល់ថា ចរាចរណ៍មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជៀសមិនផុត ហើយក្រុមការងារសុវត្ថិភាពចរាចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ក្នុងគោលដៅចូលរួមចំណែកក្នុងការផ្លាស់ប្តូរឥរិយាបថសង្គមស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក ក៏បានប្តេជ្ញាចិត្តចូលរួមចំណែកជាមួយរដ្ឋាភិបាលផងដែរ ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ តាមរយៈការរៀបចំយុទ្ធនាការអប់រំសុវត្ថិភាពនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
ថ្លែងក្នុងពិធីនោះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានជំរុញឱ្យក្រុមហ៊ុនឯកជនចូលជាសមាជិករបស់ខ្លួន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព។
លោកស្រី មឺន មាណវី បានបន្ថែមថា កម្ពុជាមិនមានអត្រាអ្នកឆ្លង និងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ទេ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ក៏ប៉ុន្តែបើក្រឡេកមកមើលពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ កម្ពុជាមានអ្នកស្លាប់យ៉ាងហោចណាស់ ៥នាក់ក្នុងមួយថ្ងៃ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី រដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបផ្លាស់ប្តូរឥរិយាបថ មានស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា៕






