ព័ត៌មានជាតិ

ទីបំផុត សេចក្តីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដែលរៀបចំឡើងដោយ JICA បានបញ្ចប់ជាស្ថាពរ

image

ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅថ្ងៃទី១៦ ខែឧសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដោយមានការចូលរួមពីលោកស្រី MIYAHARA AI តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។

យោងតាម JICA បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើងតាមរយៈសកម្មភាពមួយក្នុងចំណោមសកម្មភាពនានារបស់គម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូនលើការគ្រប់គ្រងប្រព័ន្ធទឹកកង្វក់។

សេចក្តីព្រាងច្បាប់នេះ កំណត់នូវមូលដ្ឋានគ្រឹះអភិវឌ្ឍតំបន់គ្របដណ្តប់ប្រព័ន្ធទឹកកង្វក់ និងគ្រប់គ្រងប្រព័ន្ធទឹកកង្វក់ឱ្យបានត្រឹមត្រូវ។ វាក៏ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ការរក្សាគុណភាពទឹកនៅក្នុងតំបន់សាធារណៈ និងការគ្រប់គ្រងទឹកជំនន់។ បន្ទាប់ពីការអនុវត្តសេចក្តីព្រាងច្បាប់នេះ វានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធទឹកកង្វក់ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការអភិវឌ្ឍទីក្រុង ទីប្រជុំជនធំៗ និងការកសាងលំនៅដ្ឋាន ក្រោមនយោបាយ ឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សហួសពីការស្មាន។

លោករដ្ឋលេខាធិការ បានបន្ថែមថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ បញ្ហាអនាម័យ ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវក្នុងទីក្រុង និងទីប្រជុំជនធំៗ បានចោទជាបញ្ហាដ៏ធំមួយដែលត្រូវ ដោះស្រាយ និងគ្រប់គ្រងឱ្យបានសមស្រប និងជាបន្ទាន់ ពោលគឺរាជរដ្ឋាភិបាលកត្រូវស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យការគ្រប់គ្រងទឹកកខ្វក់នេះមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយ ការទទួលខុសត្រូវ តាមរយៈកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានា។

ទន្ទឹមគ្នានោះដែរ លោករដ្ឋលេខាធិការ បានកត់សម្គាល់ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព និងបានជម្រាបជូនថា ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញឆ្លងយោបល់ជាបន្តជាមួយក្រុមការងារជំនាញរបស់ក្រសួង គណៈកម្មាធិការអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់បន្ថែមទៀត ដើម្បីធានាថាខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់នេះសមស្របទៅតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្ដែង និងការអភិវឌ្ឍរបស់កម្ពុជា សំដៅពង្រឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងបំពេញតាមតម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់បរិស្ថាន និងសង្គម មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅរដ្ឋសភា ជាតិ និងព្រឹទ្ធសភាជាតិ ដើម្បីធ្វើការអនុម័តឱ្យក្លាយជាច្បាប់៕