ព័ត៌មានជាតិ

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ចុះអនុវត្តសាលក្រមរំលោភដីក្រុមហ៊ុនមួយ ដោយបុគ្គលម្នាក់ និងរកឃើញទីតាំងស្តុកឈើជាច្រើន

image

ព្រះវិហារ៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាលក្រមប្រគល់ដីចំនួន ២៣,៤ហិកតា ទៅឱ្យក្រុមហ៊ុនចម្ការកៅស៊ូមេគង្គ ខូអិលធីឌី ដែលបុគ្គលឈ្មោះ ជា ឆេងគន រំលោភចូលកាន់កាប់ដោយខុសច្បាប់ដីរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក៏បានឆែកឆេរទីតាំងស្តុកឈើដោយខុសច្បាប់ ដែលបុគ្គលឈ្មោះ ជា ឆេងគន យកដីចម្ការកៅស៊ូ ស្តុកទុកឈើខុសច្បាប់ ត្រូវបានបង្ក្រាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ 

លោក គឹម សំឡេង បានឱ្យដឹងថា ការចុះអនុវត្តសាលក្រម បានធ្វើឡើងតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណក្រុមហ៊ុនចម្ការកៅស៊ូ មេគង្គខូអិលធីឌី។ ក្នុងប្រតិបត្តិការអនុវត្តសាលក្រម និងឆែកឆេរទីតាំងស្តុកឈើខុសច្បាប់នេះ សមត្ថកិច្ចចម្រុះដែលមានសង្កាត់រដ្ឋបាលព្រៃឈើរវៀងចូលរួមផងដែរនោះ បានបង្ក្រាបឈើខុសច្បាប់ប្រភេទលេខ១ ឈើតាសេក ប្រមាណជាង ៤ម៉ែត្រគូប គល់ឈើជាច្រើនកំណាត់ និងវត្ថុតាងមួយចំនួនទៀត ព្រមទាំងនាំខ្លួនបុរស ៣នាក់ ទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត។

ចំណែកដីដែលបុគ្គលឈ្មោះ ជា សេងគន រំលោភយក ត្រូវបានប្រគល់ជូនក្រុមហ៊ុនវិញតាមអំណាចសាលក្រមព្រហ្មទណ្ឌ សាលាដំបូងខេត្តព្រះវិហារ លេខ ១២ក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ក្រោយពេលទទួលបានដីទំហំ ២៣,៤ហិកតា តំណាងក្រុមហ៊ុនចម្ការកៅស៊ូ មេគង្គ ខូអិលធីឌី បានបញ្ជាក់ថា ឈ្មោះ ជា សេងគន រំលោកកាន់កាប់ដោយខុសច្បាប់នេះ ក្រុមហ៊ុននឹងយកដីនោះមកសាងសង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករធ្វើការក្នុងចម្ការកៅស៊ូ ដោយឥតគិតថ្លៃ។

ដោយឡែកឈើដែលបង្ក្រាបបាន ត្រូវបានសមត្ថកិច្ចជំនាញយកទៅ​រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើវៀង ដើម្បីធ្វើការវាស់វែង និងអនុវត្តតាមផ្លូវច្បាប់៕