ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មី ពីការប្រកាន់ខ្ជាប់ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមឃាត់វត្តមានយោធាបរទេស

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ ជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា។

ការអះអាងដូចនេះដោយ លោក ប្រាក់ សុខុន ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោកស្រី វីនឌី សឺមែន Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិករដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ 

អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ លោឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិ ភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង២០០០, អង្គការក្រៅរដ្ឋាភិ បាលជាង ៦០០០, សហជីពជាង ៦០០០។ ការនេះមានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ ជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ។

 

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិតពិសេសស្តីពី បញ្ហាមីយ៉ាន់ម៉ា ហើយបានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គដែលកំពុងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាលោកស្រី   អោង សាន់ស៊ូជី និងលោកអតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាពក្នុងការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។ កម្ពុជានឹងបន្តប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្ត្រដែលដើរមួយជំហានម្តងៗ និងការផ្តោតលើសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ។

ដោយឡែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីដែរថា ការចោទប្រកាន់របស់បរទេសមួយចំនួនថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស ជាការចោទប្រកាន់គ្មានការពិតនោះទេ។ សម្តេចបានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា ៥៣ បាននិយាយច្បាស់ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់។ កម្ពុជាមិនមានអ្វីដែលត្រូវបិទបាំងទេ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម។ 

កន្លងមក មានការចោទប្រកាន់ទៅតាមអ្វីដែលគេចង់និយាយ គេចេះតែនិយាយ ក៏ប៉ុន្តែរឿងពិតជាក់ស្តែងអ្នកខ្លះមានបំណងចង់ទៅមើលព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម ហើយកម្ពុជាបើកចំហរឲ្យទៅមើលដោយមិនមានការលាក់បាំងអ្វីទេ។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូចនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២៕

ដោយ៖ វង សុភ័ក្ត្រ